អគ្គិភ័យទ្រង់ទ្រាយ បានកើតមាននៅសង្កាត់ Ataba ទីក្រុងគែ ប្រទេសអេហ្ស៊ីប កាលពីយប់ថ្ងៃព្រហស្បតិ៍ និងបន្តឆាបឆេះរហូតដល់ព្រឹកថ្ងៃសុក្រ ធ្វើឲ្យហាងលក់ទំនិញជាច្រើនកន្លែងរងការខូចខាតគ្មានសល់ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់នោះទេ ។
ប្រភពសន្តិសុខ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អគ្គិភ័យ បានចាប់ផ្តើមនៅផ្ទះល្វែងប្រើប្រាស់ជាឃ្លាំងស្តុកស្បែកជើង ហើយនិងបានរីករាលយ៉ាងឆាប់រហ័សដល់អគារផ្សេងទៀត ដែលភាគច្រើននៃអគារទាំងនោះ ត្រូវបានប្រើប្រាស់ជាហាង និងឃ្លាំងស្តុកស្បែកជើង សម្លៀកបំពាក់ និងគ្រឿងបង្គុំ ។
សាក្សីម្នាក់ ដែលជាអាជីវករលក់តាមផ្លូវ និយាយថា ការខាតបង់ផ្នែកហិរញ្ញវត្ថុ មានទំហំធំធេងខ្លាំងណាស់ ។
សូមបញ្ជាក់ថា អគ្គិភ័យបែបនេះ បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសអេហ្ស៊ីប អំឡុងរដូវក្តៅ ជាទីដែលមានអាកាសធាតុក្តៅខ្លាំង និងកង្វះខាតប្រព័ន្ធព្រមានអគ្គិភ័យត្រឹមត្រូវ បណ្តាលឲ្យកើតមានឧបទ្ទេវហេតុស្រដៀងគ្នានេះ ៕