ភ្នំពេញ ៖ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារយេនឌ័ររបស់ក្រសួង ដោយមានអ្នកចូលរួមជាង២០០នាក់។
នៅក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាភាពក្រុមការងារយេនឌ័ររបស់ក្រសួង ត្រូវបំពេញតួនាទីភារៈកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ តាមប្រកាសស្តីពីការកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ដោយត្រូវខិតខំការពារផលប្រយោជន៍របស់ស្រ្តី និងទប់ស្កាត់កុំឱ្យមានការរើសអើងចំពោះមន្រ្តីរាជការជាស្រ្តី។ ម្យ៉ាងវិញទៀត ត្រូវជំរុញស្រ្តីក្នុងតួនាទី ខិតខំកសាងសមត្ថភាពខ្លួន និងមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯង ដើម្បីឱ្យខ្លួនទទួលបានឋានៈ តួនាទី និងសិទ្ធិចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗ។
ឯកឧត្តមបានបន្តថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ស្រ្តីនៅតែទទួលបានឱកាស និងត្រូវបានផ្តល់ឋានៈ និងតួនាទី ដើម្បីចូលរួមក្នុងការដឹកនាំប្រទេសជាតិ និងធ្វើសេចក្តីសម្រេចចិត្តទាំងក្នុងក្របខណ្ឌច្បាប់ នយោបាយនិងសង្គមជាដើម។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយគគិបណ្ឌិតបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ជាពិសេសបានធ្វើឱ្យស្ថានភាព ជីវភាព ឋានៈ និងតួនាទីរបស់ស្ត្រីកាន់តែមានភាពប្រសើរឡើងក្នុងទិដ្ឋភាពសេដ្ឋកិច្ច-សង្គម និងនយោបាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទី បង្កើនភាពអង់អាច និងការទទួលខុសត្រូវរបស់ស្រ្តីក្នុងវិស័យសាធារណៈ រួមទាំងការអភិវឌ្ឍសមត្ថភាពមន្រ្តីជាស្រ្តី ដើម្បីទទួលបានតំណែងគ្រប់គ្រងនានា ក្នុងស្ថាប័នសាធារណៈ សំដៅធានាការបង្កើនការចូលរួមរបស់ស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយបរិយាបន្ន និងសមធម៌សង្គម។ អត្ថបទ៖ទូច សោភ័ណ








