
នៅលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសរបស់កូរ៉េខាងជើង នាថ្ងៃសុក្រ (ទី២៦ ខែកក្កដា) នេះ បានឲ្យដឹងថា ប្រធានាធិបតីបេឡារុស សលោក Alexander Lukashenko បានសន្យាថា នឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយទីក្រុងព្យុងយ៉ាង តាមរយៈសារផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។
ដោយដកស្រង់សម្តីរបស់លោក Lukashenko ក្រសួងបានឲ្យដឹងក្នុងសេចក្ដីថ្លេងការណ៍ថា៖ «ខ្ញុំសូមបញ្ជាក់ថា ខ្ញុំនឹងធ្វើការដើម្បីពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដើម្បីធ្វើឲ្យចំណងទាក់ទងនោះពោរពេញទៅដោយខ្លឹមសារថ្មី និងកម្មវិធីរួមនៃការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៃប្រទេសរបស់យើង»។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា សារនេះបានធ្វើឡើងជាការឆ្លើយតបទៅនឹងការផ្ញើលិខិតអបអរសាទររបស់ទីក្រុងព្យុងយ៉ាងនៅថ្ងៃបុណ្យជាតិរបស់ប្រទេសបេឡារុស។
គួរបញ្ជាក់ថា ទាំងកូរ៉េខាងជើង និងបេឡារុស សុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធដូចគ្នាជាមួយរុស្ស៊ី ដែលកាន់តែមានភាពឯកោខាងការទូត នៅលើឆាកពិភពលោក គិតចាប់តាំងពីប្រទេសនេះ បានបញ្ជាកងទ័ពរាប់ម៉ឺននាក់ឲ្យចូលលុកលុយអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕