
ក្រុមហ៊ុនផ្ដល់សេវាកម្មរថភ្លើងល្បឿនលឿន គឺ Eurostar បានឲ្យដឹងថា ខ្លួននឹងលុបចោល ១ភាគ៤ នៃសេវាកម្មទាំងអស់នៅលើបណ្តាញរបស់ខ្លួន ហើយបានស្នើឲ្យអតិថិជនពន្យារពេលការធ្វើដំណើររបស់ពួកគេតាមដែលអាចធ្វើទៅបាន នៅថ្ងៃសុក្រ (ទី២៦ ខែកក្កដា) នេះ បន្ទាប់ពីសេវារថភ្លើង រវាងទីក្រុងឡុងដ្រ៍របស់ប្រទេសអង់គ្លេស និងទីក្រុងប៉ារីស ត្រូវបានរំខានដោយអំពើបំផ្លិចបំផ្លាញ នៅក្នុងប្រទេសបារាំង។

អ្នកធ្វើអំពើវិឆ្ឆេទកម្ម បានវាយប្រហារបណ្តាញរថភ្លើងល្បឿនលឿន TGV របស់ប្រទេសបារាំង ដោយបង្កជាការឆេះ ក្នុងការវាយប្រហារជាបន្តបន្ទាប់ នៅព្រលឹមស្រាងៗ ដែលបណ្តាលឲ្យមានភាពចលាចលនៅលើខ្សែរថភ្លើងដ៏មមាញឹកបំផុតរបស់ប្រទេសនេះ ដោយហេតុការណ៍នេះបានកើតឡើងនៅមុនពេលពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស (Paris Olympics)។
ក្រុមហ៊ុន Eurostar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងលើកទឹកចិត្តអតិថិជនរបស់យើងពន្យារពេលការធ្វើដំណើររបស់ខ្លួន ប្រសិនបើអាចធ្វើទៅបាន»។
ក្រុមហ៊ុន Eurostar បានបន្ថែមថា ខ្លួននឹងលុបចោល ២៥ភាគរយនៃសេវារថភ្លើង នៅទូទាំងបណ្តាញរបស់ខ្លួននាថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕