កូរ៉េខាងជើង៖ អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសកូរ៉េខាងជើងបានស្នើថា វ៉ាក់សាំងបង្ការជំងឺ Covid-19 ជិត ៣លានដូសដែលត្រូវផ្ដល់ទៅឲ្យប្រទេសរបស់ខ្លួន នឹងត្រូវបានបញ្ជូនបន្តទៅប្រទេសផ្សេងទៀត។ អ្នកនាំពាក្យម្នាក់បាននិយាយថា ប្រទេសនេះបានស្នើសុំឲ្យផ្លាស់ប្ដូរទិសដៅទៅកាន់ប្រទេសណា ដែលរងផលប៉ះពាល់ខ្លាំងដោយសារកង្វះវ៉ាក់សាំងសកលវិញចុះ។

វ៉ាក់សាំងផលិតដោយប្រទេសចិន Sinovac ត្រូវបានផ្តល់ជូនក្រោមកម្មវិធីគម្រោងចែកចាយវ៉ាក់សាំង Covax ដែលមានគោលបំណងជួយប្រទេសក្រីក្រឱ្យទទួលបានវ៉ាក់សាំង។ អង្គការសុខភាពពិភពលោក (WHO) និយាយថា គិតត្រឹមថ្ងៃទី១៩ ខែសីហាប្រទេសកូរ៉េខាងជើងមិនមានករណីឆ្លង Covid-19 ទេ។ អង្គការសុខភាពពិភពលោកបាននិយាយ នៅក្នុងរបាយការណ៍ស្ថានភាពប្រចាំសប្តាហ៍របស់ខ្លួនថា មនុស្សប្រមាណ ៣៧.២៩១នាក់រួមទាំងបុគ្គលិកថែទាំសុខភាព និងអ្នកដែលមានអាការៈដូចជាជំងឺគ្រុនផ្តាសាយ ត្រូវបានគេធ្វើតេស្តហើយអវិជ្ជមានទាំងអស់។ ប្រទេសឯកាមួយនេះបានដាក់ចេញវិធានការ ប្រឆាំងវីរុសដ៏តឹងរ៉ឹងតាំងពីការចាប់ផ្ដើមជំងឺរាតត្បាតសកលមក។ កូរ៉េខាងជើងគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលបានបិទព្រំដែនរបស់ខ្លួនកាលពីខែមករាឆ្នាំមុន។
មជ្ឈមណ្ឌលស្រាវជ្រាវកូរ៉េខាងត្បូងដែលមានទំនាក់ទំនង ជាមួយអង្គភាពចារកម្មរបស់ប្រទេសនេះបាននិយាយថា នេះមិនមែនជាលើកទី១ ទេដែលប្រទេសកូរ៉េខាងជើងបដិសេធក្នុងការទទួលយកវ៉ាក់សាំង។ កាលពីខែកក្កដា ប្រទេសនេះបានច្រានចោលការដឹកជញ្ជូនវ៉ាក់សាំង AstraZeneca ចំនួន ២លានដូសដោយលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់ នៃវ៉ាក់សាំងដែលអាចកើតមាន។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់អ្នកយកព័ត៌មានកាលពីខែកក្កដាថា ខ្លួនបានផ្តល់ការផ្គត់ផ្គង់ដល់ប្រទេសកូរ៉េខាងជើងនូវវ៉ាក់សាំង Sputnik ដែលជាវ៉ាក់សាំងផលិតក្នុងប្រទេសរបស់ខ្លួន៕
អត្ថបទ៖ សុខមាន