កំពង់ចាម៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) បាននាំយកអំណោយមនុស្សធម៌របស់ព្រឹទ្ធសភា ជាឱសថសរុបចំនួន ១១មុខ ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកតំបែរ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងមន្ទីរពេទ្យបង្អែកស្រុកកងមាស និងស្រុកចំការលើ ខេត្តកំពង់ចាម សម្រាប់ប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ និងផ្តល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។
ពិធីប្រគល់អំណោយនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ និងទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ ថ្នាក់ដឹកនាំខេត្ត ស្រុក និងតំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុម ។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យបង្អែកទាំងអស់ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមទាំងមូល ។
ឯកឧត្តម បានគូសបញ្ជាក់ថា អំណោយឱសថទាំងអស់នេះ ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព រវាងគណៈកម្មការទី១០ ព្រឹទ្ធសភា ជាមួយមូលនិធិចែករំលែកសង្រ្គោះជីវិតសាកល នៃសាធារណរដ្ឋកូរ៉េ ក្រោមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ភាគីដៃគូបានផ្តល់ជំនួយមនុស្សធម៌ដែលមានដូចជា ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ មកព្រឹទ្ធសភាកម្ពុជាជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០២២ សរុបចំនួន ៥លើកមកហើយ ។
ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា ទន្ទឹមនោះ ព្រឹទ្ធសភាជាតិ តាមរយៈគណៈកម្មការទី១០ បាននាំយកអំណោយមនុស្សធម៌ទាំងអស់ ផ្តល់ជូនដល់មន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យបង្អែកខេត្ត និងរដ្ឋបាលខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ជូនបន្តដល់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដោយឥតគិតថ្លៃ ហើយជំនួយមនុស្សធម៌ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនេះ ពិតជាបានចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រឱ្យកាន់តែប្រសើរឡើង ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរពេទ្យបង្អែកទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភាជាតិ ដែលបាននាំយកអំណោយជាឱសថយ៉ាងច្រើនជូនដល់មន្ទីរពេទ្យបង្អែកស្រុក ដោយមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យបង្អែកទាំងអស់ បានសន្យាថានឹងប្រើប្រាស់ឱសថទាំងនេះឱ្យចំទិសដៅ មានប្រសិទ្ធភាព និងគណនេយ្យភាពចំពោះព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណៈរដ្ឋកូរ៉េ ៕ អត្ថបទ បាន សុខរិទ្ធិ






