កំពង់ឆ្នាំង ៖ តំបន់ក្រាំងឆាន ដែលមានផ្ទៃដីប្រមាណជាង២០០ហិកតា ស្ថិតនៅក្នុងឃុំផ្សារ ស្រុករបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាតំបន់ប្រកបដោយសក្តានុពលលើវិស័យកសិកម្ម និងទេសចរណ៍។ សហគមន៍អភិវឌ្ឍន៍កសិកម្មមួយនៅស្រុករបរិរបូណ៌ គ្រោងសហការជាមួយដៃគូឯកជន ប្រែក្លាយតំបន់មួយនេះ ជាតំបន់មួយដែលអាចផលិតបន្លែសរីរាង្គ ការចិញ្ចឹមសត្វ ។ ក្រៅពីនេះ នឹងរៀបចំអោយក្លាយជាតំបន់ទេចរណ៍ធម្មជាតិដ៍សម្បូបែប សម្រាប់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងកំសាន្តលំហែរអារម្មណ៍ផងដែរ ។
លោក ហេង សំណាង ប្រធានសហគមន៍បានប្រាប់ថា៖ បច្ចុប្បន្នទោះបីផ្លូវនៅមកតំបន់ក្រាំងឆាន នៃគម្រោងអភិវឌ្ឍន៍ មានការលំបាកខ្លះ តែលោកនឹងខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយកែប្រែតំបន់នេះអោយក្លាយជាតំបន់បៃតងនៅគ្រប់រដូវកាល ដោយកែច្នៃអោយមានជាបឹង សម្រាប់ប្រជាពលរដ្ឋ ឬអ្នកទេសចរណ៍មកជិះទូកលេងកំសាន្ត ។ បច្ចុប្បន្នតំបន់ក្រាំងឆាននេះ បានធ្វើការអភិវឌ្ឍន៍បានមួយចំនួនហើយ។ ប៉ុន្តែក្រោយពីសហគមន៍អភិវឌ្ឍន៍កសិកម្មសហការជាមួយដៃគូឯកជនហើយ នឹងជួយជម្រុញអោយ តំបន់នេះ កសិកម្មមួយដ៍ល្អសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងមូលដ្ឋាន និងតាមទីផ្សារនានាក្នុងខេត្តកំពង់ឆ្នាំង ។ ក្រៅពីវិស័យកសិកម្ម តំបន់នេះក៍អាចប្រែក្លាយជាតំបន់ទេសចរណ៍ដ៍ទាក់ទាញសម្រាប់អ្នកទេសចរណ៍មកលេងកំសាន្ត ចុងសប្តាហ៍ ថ្ងៃឈប់សម្រាក មកជិះសេះកំសាន្ត ជាមួយនិងទេសភាព វាលស្រែ និងព្រៃធម្មជាតិផងដែរ ។
ភ្ញៀវទេសចរណ៍មកលេងកំសាន្តនៅទីនេះបានប្រាប់ថា៖ ទោះបីមកទីនេះមានការលំបាកផ្លូវបន្តិច តែពេលមកដល់តំបន់ក្រាំងឆាននេះ គឺមានអារម្មណ៍ប្លែក រីករាយស្រស់ថ្លា បាត់អស់ទុក្ខកង្វល់ ដោយបានមើលនូវទេសភាព ធម្មជាតិដ៍ស្រស់បំព្រង ព្រមទាំងបានជិះសេះលេងកំសាន្តនៅតាមផ្លូវអមដោយទេសភាពបៃតងស្រស់ផងដែរ ។ នៅទីនេះពិតជាមានសក្តានុពលលើវិស័យកសិកម្ម ដោយសារនៅទីនេះមានប្រឡាយទឹកជាប់ជាប្រចាំ ដែលអាចផ្គត់ផ្គង់ការដាំដំណាំកសិកម្ម និង ចិញ្ចឹមសត្វបាន ដោយបន្ថែមលើការគ្រប់គ្រង និង បច្ចេកទេស នឹងអាចដំណើរការ បានដោយរលូន ។
ពួកគាត់សង្ឃឹមថានៅឆ្នាំ២០២៥ តំបន់ក្រាំងឆាននេះ នឹងក្លាយជាតំបន់ទេសចរណ៍មួយដ៏គួរអោយទាក់ទាញ៕ ដោយ ៖ កាំង ហុងវាស្នា







