ខណៈយុទ្ធនាការផ្លេកបន្ទោលប្រធានាធិបតី សម្រាប់អនុប្រធានាធិបតី លោកស្រី Kamala Harris បន្តកើនឡើង វីដេអូដែលមានរយៈពេលប្រហែលមួយនាទី ចេញផ្សាយកាលពីថ្ងៃសុក្រ បានបន្ថែមទៅលើសន្ទុះ នៅពេលដែលប្រធានាធិបតីស្បែកខ្មៅដំបូង របស់សហរដ្ឋអាមេរិក លោក Barack Obama រួមជាមួយភរិយារបស់លោក លោកស្រី Michelle បានគាំទ្រ លោកស្រី Harris នៅក្នុងការសន្ទនាតាមទូរសព្ទជាលក្ខណៈឯកជន ដែលថតដោយកាមេរ៉ា។
លោក បារ៉ាក់ អូបាម៉ា នៅក្នុងការសន្ទនាតាមទូរស័ព្ទ បាននិយាយថា «លោកស្រី Michelle និងខ្ញុំ ពុំអាចមានមោទនភាពជាងនេះ ក្នុងការគាំទ្រអ្នក និងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីឱ្យអ្នកឆ្លងកាត់ការបោះឆ្នោតនេះ និងចូលកាន់នៅក្នុងការិយាល័យ Oval។
លោកស្រី ហារីសនិយាយថា «អូ ពិតជាប្រសើរណាស់សម្រាប់ខ្ញុំ លោកស្រី Michelle និងលោក បារ៉ាក់អូបាម៉ា នេះពិតជាមានន័យណាស់សម្រាប់ខ្ញុំ»
ការគាំទ្រចុងក្រោយនេះ កើតឡើងនៅពេលដែលការស្ទង់មតិថ្មីបានបង្ហាញថា លោកស្រី Harris បានបង្រួមគម្លាតជាមួយគូប្រជែងមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump មិនដល់មួយសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានបោះបង់ចោលការប្រកួតប្រជែងក្នុងពេលមានការធ្លាក់ចុះនៃចំនួនការគាំទ្រក្នុងការបោះឆ្នោតថ្មី។
សារព័ត៌មាន Reuters និងIpsos បានបង្ហាញក្នុងការធ្វើប្រជាមតិថា លោកស្រី Harris បាននាំមុខ ៤៤% ទល់នឹង ៤២% លើលោក Trump ដែលធៀបនឹងឱនភាពពីរចំណុចដែលលោក Biden ប្រឈមមុខនឹងលោក Trump នៅក្នុងការស្ទង់មតិ កាលពីសប្តាហ៍មុន មុនពេលការចាកចេញរបស់លោកកាលពីថ្ងៃអាទិត្យ។