អាស៊ានបូកបីនៃវិថីអ្នកវិទ្យាសាស្រ្តវ័យក្មេង ជាវេទិកាតម្រង់ទិសដល់អ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍សម្រាប់អ្នកជំនាន់ក្រោយ ដើម្បីឱ្យពួគគេបន្តទាញយកសក្តានុពលដែលគ្មានដែនកំណត់ ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ទាំងក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើកឡើងនៅក្នុង កម្មវិធីអាស៊ាន បូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ (APT JSO-10) ជាមួយនឹងពិធីប្រគល់រង្វាន់ ដែលបិទបញ្ចប់នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា កម្មវិធីអាស៊ានបូកបីវិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី ១០ ក្រោមប្រធានបទ «ការប្រជែងនឹងការប្រែប្រួល អាកាសធាតុ» សិស្សានុសិស្សបានចូលរួមក្នុងសិក្ខាសាលា ដែលផ្តល់បទពិសោធន៍ជាក់ស្តែង សហការបង្កើតគម្រោងធ្វើពិសោធន៍ វិទ្យាសាស្ត្រ និងចូលរួមកិច្ចពិភាក្សានានា ក្នុងគោលដៅលើកកម្ពស់ការយល់ដឹង និងស្វែងរកដំណោះស្រាយ ប្រកបដោយនវានុវត្តន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែងនាពេលនេះ សិស្សានុសិស្សបានបង្ហាញមិនត្រឹមតែចំណេះដឹង និង សមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្មារតីនៃការធ្វើការងារជាក្រុម និងការសហការគ្នា ដែលជាស្នូលនៃសហគមន៍អាស៊ានបូក៣។
ឯកឧត្តមបានសង្កត់ធ្ងន់ លើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ស្របតាមផែនការ សកម្មភាពអាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៥-២០២៥ សំដៅបង្កើនវឌ្ឍនភាពក្នុងតំបន់ ក្នុងនោះការធ្វើជា ម្ចាស់ផ្ទះរៀបចំកម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងរបស់កម្ពុជាជាលើកដំបូង បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល ក្នុងការជំរុញឧត្តមភាពផ្នែកវិទ្យាសាស្ត្រ និងវប្បធម៌នវានុវត្តន៍ ហើយក៏ជាវេទិកាមួយដើម្បីតម្រង់ទិសដល់អ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករជំនាន់ក្រោយរបស់យើង ដើម្បីឱ្យពួគគេបន្តទាញយកសក្តានុពលដែលគ្មានដែនពីវិស័យទាំងនេះ សម្រាប់ទាំងក្នុង តំបន់ និងពិភពលោក។
ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់ បន្តអភិវឌ្ឍចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីកម្មវិធីនេះ បណ្តុះស្មារតីចង់ចេះចង់ដឹង និងប្រើប្រាស់ចំណេះដឹងថ្មីៗរបស់ពួកគេ ដើម្បីជាប្រយោជន៍ដល់មនុស្សជាច្រើនទៀត។
កម្មវិធីអាស៊ានបូកបីវិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ បានបញ្ចប់ទៅដោយស្មារតីសាទរ និងក្តីសង្ឃឹម ដោយអ្នកចូលរួមវ័យក្មេង ទាំងនេះ បានបង្កើតចំណងមិត្តភាពយូរអង្វែង និងបង្ហាញពីឆន្ទៈចង់ក្លាយជាតួអង្គសំខាន់ ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ សម្រាប់តំបន់ អាស៊ានបូក៣៕អត្ថបទ៖ សុន រ៉ាឌី, ថត៖ បូសាវី