បាល់ទាត់៖ ខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal, Granit Xhaka មិនមានវត្តមានឱ្យក្រុមជំរើសជាតិស្វ៊ីសឡើយក្នុងជ័យជំនះលើក្រិក ២-១ យប់មិញក្រោយតេស្តវិជ្ជមាន Covid-19។ កីឡាករវ័យ ២៨ឆ្នាំដែលជាប្រធានក្រុមស្វ៊ីសកំពុងនៅដាច់ដោយឡែក ស្របពេលរង់ចាំលទ្ធផលតេស្ត PCR។

សហព័ន្ធកីឡាបាល់ទាត់ស្វ៊ីសបានឱ្យដឹងថា អាជ្ញាធរសុខាភិបាលស្វ៊ីសមិនបានឱ្យមានវិធានការអ្វីច្រើនទៀតសំរាប់ក្រុមស្វ៊ីសឡើយ ដោយកីឡាករផ្សេងទៀតនៅក្នុងក្រុមសុទ្ធតែបានចាក់វ៉ាក់សាំងរួចរាល់ ហើយអ្នកខ្លះក៏ធ្លាប់ឆ្លងរួចហើយដែរ។ យ៉ាងណាក្តីសមាជិកក្រុមការងារមួយចំនួន របស់ក្រុមស្វ៊ីសត្រូវបានចាត់ឱ្យនៅដាច់ដោយឡែក។ ស្វ៊ីសបានយកឈ្នះក្រិក ២-១ យប់មិញក្នុងជំនួបមិត្តភាពដោយគ្រាប់បាល់របស់ Steven Zuber និង Ruben Vargas។
ស្វ៊ីសនឹងបន្តជួបជាមួយជើងឯកទ្វីបអឺរ៉ុបអ៊ីតាលីនៅថ្ងៃទី៥ ខែកញ្ញានេះក្នុងការប្រកួតជំរុះ World Cup។ ស្វ៊ីសកំពុងឈរលេខ២ ក្រោយលេងបាន ២ប្រកួតឈ្នះទាំង២ ខណៈអ៊ីតាលីកំពុងនាំមុខគេមាន ៩ពិន្ទុពេញក្រោយលេងបាន ៣ប្រកួត៕
អត្ថបទ៖នាង សុភាវុធ