អតីតប្រធានាធិបតីអាមេរិកឡាទីន ដែលត្រូវបានអញ្ជើញដោយក្រុមប្រឆាំងវេណេហ្ស៊ុយអេឡា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ បានថ្កោលទោសចំពោះការចោទប្រកាន់ថា បានរារាំងការហោះហើររបស់យន្តហោះរបស់ពួកគេពីប្រទេសប៉ាណាម៉ា ទៅកាន់ទីក្រុងការ៉ាកាស កាលពីថ្ងៃសុក្រ (ទី២៦ ខែកក្កដា)។
អតីតមេដឹកនាំទាំងនោះ បាននិយាយថា ជើងហោះហើររបសក្រុមហ៊ុនអាកាសចរណ៍ Copa Airlines ពីប្រទេសប៉ាណាម៉ា ទៅកាន់ទីក្រុងការ៉ាកាស ត្រូវបានបដិសេធមិនអនុញ្ញាតឲ្យហោះហើរ ដោយសារតែការបិទដែនអាកាសរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា។
ក្នុងចំណោមអ្នកដំណើរនៅលើជើងហោះហើរនោះ មានអ្នកស្រី Mireya Moscoso មកពីប្រទេសប៉ាណាម៉ា លោក Miguel Angel Rodriguez មកពីប្រទេសកូស្តារីកា លោក Vicente Fox មកពីប្រទេសម៉ិកស៊ិក និង លោក Jorge Quiroga មកពីបូលីវី។
អតីតប្រធានាធិបតីទាំងអស់ បានចោទវ៉េណេហ៊ុយអេឡាថា បានរារាំងយន្តហោះរបស់ក្រុមហ៊ុន Copa Airlines។ អាជ្ញាធរអាកាសចរណ៍រដ្ឋរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា និងក្រសួងដឹកជញ្ជូនរបស់ប្រទេសនេះ បាននិយាយថា ការអះអាងនោះ គឺមិនពិត និងបានបង្ហោះរូបថតរបស់ក្រុមហ៊ុនអាកាសចរណ៍ Copa ដែលប្រតិបត្តិការនៅក្នុងដែនអាកាសវ៉េណេហ្ស៊ុយអេឡា ពីគេហទំព័រតាមដានការហោះហើរ FlightRadar។