អ្នកគាំទ្ររាប់រយនាក់នៃគណបក្សឥស្លាមនិយមដ៏ធំរបស់ប្រទេសប៉ាគីស្ថាន Jamaat-e-Islami (JI) បានធ្វើបាតុកម្មប្រឆាំងនឹងអតិផរណា និងពន្ធលើវិក្កយបត្រប្រើអគ្គិសនីសម្រាប់ថ្ងៃទី២ នៅថ្ងៃសៅរ៍ (ទី២៧ ខែកក្កដា) នៅជាយទីក្រុងអ៊ីស្លាម៉ាបាដ។
ក្រុមអ្នកគាំទ្រ កំពុងទាមទារឲ្យដកពន្ធធ្ងន់ៗលើការប្រើប្រាស់អគ្គិសនី និងការកាត់បន្ថយអតិផរណា ដែលកំពុងកើនឡើងយ៉ាងខ្លាំងនេះ។
ក្រុមអ្នកតវ៉ាដែលបានចំណាយពេលមួយយប់នៅកណ្តាលវាល បាននិយាយថា វិក័យបត្រប្រើប្រាស់ថាមពលកើនឡើង និងច្បាប់ពន្ធថ្មី នៅក្នុងថវិកាប្រចាំឆ្នាំ ២០២៤-២៥ បានធ្វើឲ្យជីវិតរបស់ពួកគេ រងទុក្ខវេទនា។
អាជ្ញាធរមូលដ្ឋាននៅថ្ងៃសុក្រ ទី២៦ ខែកក្កដា បានបិទផ្លូវសំខាន់ៗ ក្នុងរដ្ឋធានី ដើម្បីរារាំងក្រុមបាតុករមិនឲ្យចូលទៅក្នុងតំបន់ក្រហម ដែលជាកន្លែងការិយាល័យសំខាន់ៗរបស់រដ្ឋាភិបាល កន្លែងការទូត និងសភាស្ថិតនៅ។ អ្នកតវ៉ាជាច្រើននាក់ដែលប៉ុនប៉ងឆ្លងកាត់របាំងបិទផ្លូវទាំងនោះ ត្រូវបាននរគបាលចាប់ខ្លួន។