លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ការចរចាអំពីជម្លោះនៅតំបន់ហ្កាហ្សា «មិនត្រូវបន្តដោយគ្មានការកំណត់ច្បាស់លាស់ទេ»។
លោក Fu បាននិយាយនៅក្នុងសុន្ទរកថានៅឯសន្និសីទក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីនផងដែរថា ជម្លោះនៅក្នុងតំបន់ហ្កាហ្សា បានបន្តអស់រយៈពេលជាង ៩ខែ ហើយ ដែលបណ្តាលឲ្យមានមហន្តរាយមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក និងកាន់តែអាក្រក់ឡើងៗ ដោយជនស៊ីវិលស្លូតត្រង់ជិត ៤០.000នាក់ បានបាត់បង់ជីវិត។
លោកបាថ្លេងថា៖«បន្ទាត់ក្រហមនៃច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ត្រូវបានឆ្លងកាត់ម្តងហើយម្តងទៀត»។
លោក Fu បានកត់សម្គាល់ថា វាមានរយៈពេលជិតពីរខែហើយ ចាប់តាំងពីសេចក្តីសម្រេចលេខ ២៧៣៥ របស់ក្រុមប្រឹក្សាសន្តិសុខ ត្រូវបានអនុម័ត ប៉ុន្តែអ៊ីស្រាអែល បានបន្តប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេលពីរខែកន្លងមកនេះ ដោយសង្កត់ធ្ងន់ថា «ជីវិតជនស៊ីវិល មិនត្រូវប្រើដើម្បីកេងចំណេញផលប្រយោជន៍ចំពោះការចរចាឡើយ ហើយការវាយលុករបស់យោធា មិនអាចបង្កើតលក្ខខណ្ឌសម្រាប់ការដោះលែងចំណាប់ថ្នូរបានឡើយ»។