ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធ រៀបចំសំអាតអនាម័យបរិស្ថាននៅតាមសាលា ដើម្បីត្រៀមបើកសាលារៀនឡើងវិញ។
ថ្លែងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេងផ្ទាល់ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការរៀបចំបើកសាលារៀនឲ្យដំណើរការឡើងវិញ ក្រោយពីបានស្រាកស្រាន្តដោយជំងឺកូវីដ-១៩ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ត្រូវរៀបចំចាត់ចែងសំអាតអនាម័យ បរិស្ថាននៅក្នុងសាលានានានៅមូលដ្ឋានរបស់ខ្លួនឲ្យបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោយសិស្សានុសិស្សខកខាតមិនបានចូលរៀនយូរណាស់មកហើយ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍លើកឡើងថា មកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ-១៩ បានថមថយហើយ យើងអាចបើកសាលារៀនឲ្យសិស្សានុសិស្សបានចូលរៀនវិញហើយ ពិសេសនៅកន្លែងដែលមានហានិភ័យទាប ។
ដូច្នេះលោកជំរុញឲ្យអាជ្ញាធរអាជ្ញាធរខណ្ឌទាំង១៤ ត្រូវដឹកនាំក្រុមការងារចុះសំអាតអនាម័យបរិស្ថាន ជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីតាំងសាលាឲ្យបានស្អាត។ បន្ថែម ពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញនឹងសុំអន្តរាគមន៍ពីកងទ័ពដើម្បីបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលាបន្ថែមទៀតនៅពេលធ្វើពិធីបើកសាលាឲ្យចូលរៀនឡើងវិញនោះ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា សាលារៀនមួយចំនួនត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាលយកជាទីតាំងសម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលជំងឺកូវីដ-១៩ តែចាប់ពីពេលនេះតទៅ លោកជំរុញឲ្យអាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺនៅតាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញ ដូចជានៅទីតាំងរៀបអាពាហ៍ពិពាហ៍ ព្រីមៀរ សែនសុខជាដើម ។
គួរបញ្ជាក់ថា មកដល់ពេលនេះ នៅវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង មានអ្នកជំងឺកូវីដ-១៩កំពុងសម្រាកព្យាបាលប្រមាណជាង១០នាក់ និងនៅវិទ្យាល័យជា ស៊ីម សាមគ្គី មានអ្នកជំងឺប្រមាណជាង ១០០នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនពួកគាត់ទៅកាន់មណ្ឌលព្យាបាលផ្សេងវិញ ដើម្បីទុកទីតាំងសាលានេះ ឲ្យសិស្សានុសិស្សបានចូលរៀនជាធម្មតាឡើងវិញ៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា