នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបញ្ចប់ពិធិសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅខេត្តស្វាយរៀង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានអញ្ជើញឆ្លៀតឱកាសបន្ថែម ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពមូលដ្ឋានសុខាភិបាល នៅតាមផ្លូវត្រឡប់ទៅរាជធានីភ្នំពេញវិញ ដើម្បីអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការផ្តល់សេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដ្ឋាន។
ក្នុងអំឡុងពេលនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតឃើញថា មានវត្តមានបុគ្គលិក ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន ទៅតាមជំនាញនីមួយៗ។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បាន សំណេះសំណាល និងសួរសុខទុក្ខមន្រ្តីរាជការ បុគ្គលិកសុខាភិបាល ព្រមទាំងបានការកោតសរសើរ និងថ្លែងអំណរគុណមន្រ្តីសុខាភិបាល ដែលបានបម្រើការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបានថ្លែងអំណរគុណជូនប្រជាពលរដ្ឋ ដែលទុកចិត្តមកទទួលសេវាសុខាភិបាលសាធារណៈ៕






