នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងត្បូង នឹងមិនឱនចំពោះការបង្កហេតុណាមួយពីប្រទេសកូរ៉េខាងជើងឡើយ ខណៈដែលប្រទេសនេះ បានប្រារព្ធខួបលើកទី ៧១ នៃការចុះហត្ថលេខាលើបទឈប់បាញ់ ដែលបានបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១០៥០-៥៣។
លោក Han បានធ្វើការអត្ថាធិប្បាយក្នុងពិធីមួយ ក្នុងទីក្រុងសេអ៊ូល ដើម្បីរំលឹកដល់ការលះបង់របស់កងកម្លាំងអង្គការសហប្រជាជាតិ ដែលបានគាំទ្រកូរ៉េខាងត្បូងក្នុងអំឡុងជម្លោះរយៈពេលបីឆ្នាំ ដែលបានចាប់ផ្តើមដោយការឈ្លានពានរបស់កូរ៉េខាងជើង និងបានបញ្ចប់ដោយគ្មានសន្ធិសញ្ញាសន្តិភាព។
លោកបាននិយាយថា៖«តាមរយៈកម្លាំងដ៏លើសលប់ និងសាមគ្គីភាពជាមួយបណ្តាប្រទេសជាមិត្ត (យើង) នឹងមិនអត់ឱនឲ្យមានការបង្កហេតុណាមួយពីកូរ៉េខាងជើងឡើយ» ដោយកត់សម្គាល់ថា កូរ៉េខាងជើង នៅតែបន្តការបង្កហេតុ ដូចជាការបង្ហោះបាឡុងផ្ទុកសំរាម និងការបាញ់មីស៊ីលបាលីស្ទីក ជា ដើម។
លោក Han បាននិយាយថា កូរ៉េខាងត្បូង គ្រោងនឹងពង្រឹងជំហរសន្តិសុខរបស់ខ្លួន តាមរយៈកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដោយបន្ថែមថា ខ្លួនក៏កំពុងខិតខំប្រឹងប្រែង ដើម្បីស្ថិរភាពនៅក្នុងតំបន់អាស៊ីឦសាន តាមរយៈកិច្ចសហប្រតិបត្តិការបីភាគីជាមួយប្រទេសជប៉ុន និងចិន។