កណ្ដាល៖ អង្គការសំអាតទន្លេសមុទ្រ សហការជាមួយមន្ទីរបរិស្ថានខេត្តកណ្ដាល និងរដ្ឋបាលស្រុកកៀនស្វាយ បានធ្វើនូវយុទ្ធនាការធ្វើអនាម័យសំអាតសំរាម នៅជុំវិញបរិវេណ នៃទីតាំងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យបរិស្ថានមានភាពស្អាត និងបរិយាកាសល្អ ។
ដោយយុទ្ធនាការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចព្រែកតាកែវ ដែលមានអ្នកចូលរួមមកពីមន្ត្រីអង្គការសំអាតទន្លេសមុទ្រ មន្ត្រីមន្ទីរបរិស្ថាន មន្ត្រីរដ្ឋបាលស្រុកកៀនស្វាយ កងកម្លាំងទាំង៣ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ១ពាន់នាក់ ។
ក្នុងពេលបើកយុទ្ធនាការសំអាតសំរាម លោក ពៅ សមណៈ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានឲ្យដឹងថា សម្រាប់បរិមាណដែលត្រូវសំអាត គឺមាននៅទីតាំងប្រារព្ធពិធី តាមដងទន្លេ ដងព្រែកតាកែវ និងតាមដងផ្លូវជាដើម ហើយស្ថានភាពទីតាំងនេះ គឺមានសំរាមច្រើនផងដែរ តែយ៉ាងណាភាគីពាក់ព័ន្ធ នឹងធ្វើការសំអាតឲ្យអស់ ដើម្បីឲ្យបរិស្ថានមានភាពស្អាតល្អ ការប្រារព្ធពិធីប្រព្រឹត្តិទៅដោយរលូន ។
ចំណែកលោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេសមុទ្រ បានលើកឡើងថា ដើម្បីបង្ហាញការចូលរួមពេញទំហឹង ក្នុងការថែរក្សាអនាម័យ ប្រភពទឹកធម្មជាតិទាំងអស់ អង្គការសំអាតទន្លេសមុទ្រ បាននឹងកំពុងត្រៀមខ្លួនរួចជាសម្រេច ដើម្បីជួយដល់ព្រែកជីកហ្វូណនតេជោ តាមរយៈបេសកកម្មសំអាតព្រែក ក្នុងអំឡុងពេលសាងសង់ និងការបង្កើតបាននូវប្រព័ន្ធគ្រប់គ្រងសំរាម ឲ្យបានកាន់តែល្អប្រសើរ នៅពេលព្រែកជីកត្រូវបានសាងសង់រួច ។
លោកបានបន្តថា យើងអាចសំអាតសំរាមចេញពីប្រភពទឹកទន្លេ និងសមុទ្រ និងទប់ស្កាត់ការចោលបំពុលដោយសំរាមថ្មី បានក្នុងរយៈពេល៥ ទៅ៦ឆ្នាំ នៅពេលមានការចូលរួមពេញលេញពីប្រជាពលរដ្ឋ ម្ចាស់ជំនួយ និងមានបរិយាកាសគាំទ្រពីរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ។
គួរបញ្ជាក់ថា ចាប់ពីអនុវត្តបេសកកម្មរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រោមការជួយគាំទ្រពីក្រុមហ៊ុន Leader Energy Group Berhad គឺគិតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ អង្គការសំអាតទន្លេសមុទ្រ បានសំអាតសំរាមចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល បានប្រមាណ ១ ៨៨០តោន ខណៈនៅពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ អង្គការក៏មានគោលដៅចូលរួមជាសហការជាមួយអាជ្ញាធរ ក្នុងការថែទាំបរិស្ថានផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ