បញ្ជាការដ្ឋានកងទ័ពជើងទឹក បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើពិធីអបអរសាទរបើកការដ្ឋានសាងសង់នូវ«គម្រោងព្រែកជីកហ្វូណនតេជោ»នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាមុខនេះ នៅក្នុងបញ្ជាការដ្ឋានកងទ័ពជើងទឹក ដោយនឹងមានការវាយជួង និងទូងស្គរដើម្បីជាការបង្ហាញនូវការគាំទ្រចំពោះរាជរដ្ឋាភិបាល ក្នុងការកសាងនូវគម្រោងដ៏ប្រវត្តិសាស្រ្តមួយនេះដែលផ្តល់ឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាទាំងនមូលនោះ។
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានថ្លែងប្រាប់ទូរទស្សន៍BTVថា នាយទាហានពលទាហានទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងទឹកនឹងជួបជុំគ្នា ទាំងនៅដែនសមុទ្រ និងរាជធានីភ្នំពេញធ្វើពិធីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់នូវ«គម្រោងព្រែកជីកហ្វូណនតេជោ»នាថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ខណៈព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តរបស់កម្ពុជានេះ នឹងមានការវាយជួង ទូងស្គរ និងរគាំងទូទាំងប្រទេសនោះ។

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានថ្លែងថា«ក្នុងនាមបញ្ជាការដ្ឋានកងទ័ពជើងទឹក និងជំនួសមុខឲ្យនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក បានត្រៀមរួចរាល់ហើយ ដើម្បីអបអរសាទរព្រឹត្តិការណ៍នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដែលជាថ្ងៃប្រវត្តិសាស្រ្តបើកការដ្ឋានសាងសង់នូវ«គម្រោងព្រែកជីកហ្វូណនតេជោ» ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើង។ គ្រប់អង្គភាពទាំងអស់ដែលចំណុះឲ្យបញ្ជាការដ្ឋានកងទ័ពជើងទឹកនឹងមានការប្រជុំជួរវាយជួង ទូតស្គរ ទៅតាមការណែនាំ របស់រាជរដ្ឋាភិបាលនៅវេលាម៉ោង៩ និង៩នាទី នាថ្ងៃទី៥ ខែសីហាខាងមុខនេះដើម្បីអបអរសាទរនៅព្រឹត្តិការណ៍មួយនេះ»។

សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈគម្រោងយក្សមួយនេះត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានចូលរួមអបអរសាទរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ថែមទាំងត្រៀមខ្លួនវាយជួង ទូងស្គរ និងរគាំងក្នុងថ្ងៃបើកការដ្ឋានសាងសង់ដែរនោះ។
គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។

ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសជាផ្លូវការចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពងដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏មានសារៈសំខាន់មួយនេះ បានក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយ និងបានបង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំផងដែរ។
គម្រោងព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាចកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា ពោលគឺអាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើនជាដើម។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។
«ព្រែកជីកហ្វូណនតេជោ»នេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅមានផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន៕ អត្ថបទ៖ បាន ចក់

