ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យរាប់ពាន់នាក់ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័សនៅតំបន់ភាគខាងជើងរដ្ឋ California សហរដ្ឋអាមេរិក ក្រោយអណ្តាតភ្លើងរីកកាន់តែធំជាងទ្វេដងត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ។
យោងតាមការអះអាងរបស់នាយកដ្ឋានការពារព្រៃឈើ និងអគ្គិភ័យរដ្ឋ California បានឲ្យដឹងថា មកទល់នឹងរសៀលថ្ងៃសៅរ៍ ភ្លើងឆេះព្រៃ Park Fire បានឆាបឆេះដីព្រៃជាង ១៤១.៦៤០ហិចតា ស្ថិតនៅចម្ងាយប្រហែល ១៤៤គ.មភាគខាងជើងទីក្រុង Sacramento ដែលជារដ្ឋធានីរបស់រដ្ឋ California ។
ក្រុមអាជ្ញាធរនិយាយថា សីតុណ្ហភាពចុះត្រជាក់ និងខ្យល់មានជាតិសំណើម ត្រូវបានគេរំពឹងថានឹងកើតមាន ដែលវានឹងជួយពន្យឺតការរីករាលដាលរបស់ភ្លើងឆេះព្រៃ ។
បទបញ្ជាជម្លៀសខ្លួន និងការព្រមានភ្លើងឆេះព្រៃ ត្រូវបានចេញនៅតាមស្រុកជាច្រើន រួមទាំងការព្រមាននៅទីក្រុង Paradise គឺជាទីក្រុងដែលរងការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ Camp Fireកាលពីឆ្នាំ ២០១៨និងជាភ្លើងឆេះព្រៃស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរដ្ឋ California ។
បុរសម្នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ពីបទសង្ស័យថា គាត់បានធ្វើឲ្យកើតមានភ្លើងឆេះព្រៃ Park Fire ពេលដែលគាត់រុញរថយន្តរងការឆាបឆេះរបស់គាត់ ចូលជ្រលងភ្នំ កាលពីរសៀលថ្ងៃពុធ ៕
