ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា ការអប់រំនយោបាយរបស់គណបក្ស គឺមានសារសំខាន់ខ្លាំងណាស់ ក្នុងការពង្រឹងមន្ត្រីបក្សដែលជាយុវជន ឲ្យក្លាយជាអ្នកបន្តវេនដ៏មានសក្ដានុពល។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “នយោបាយ ឈ្នះ ឈ្នះ” របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកាយុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ និងជំនួយការផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឃុត ចាន់ដារ៉ា មានប្រសាសន៍ថា ការជ្រើសរើសយក “នយោបាយឈ្នះ-ឈ្នះ” មកធ្វើជាប្រធានបទនៃវគ្គបណ្តុះបណ្តាលនេះ មិនមែនជាការចៃដន្យនោះទេ ព្រោះនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ គឺជាមេរៀនដ៏សំខាន់មួយដែលកូនខ្មែរគ្រប់រូបត្រូវតែយល់ដឹង និងមានមោទនភាព ចំពោះសុខសន្តិភាព ដែលអនុញ្ញាតឱ្យប្រទេសកម្ពុជា មានមុខមាត់លើឆាកអន្តរជាតិដូចសព្វថ្ងៃ ។

ឯកឧត្តមបន្តថា ក្នុងដំណាក់កាលបច្ចុប្បន្ន ការអប់រំនយោបាយ របស់គណបក្សកាន់តែមានសារៈសំខាន់ក្នុងការកសាង ពង្រឹងជួរមន្ត្រីរបស់គណបក្ស ជាពិសេសមន្ត្រីវ័យក្មេង ដែលជាកម្លាំងបន្តវេនដ៏មានសក្តានុពល ដែលកំពុងប្រឹងប្រែងបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី ដើម្បីសម្រេចចក្ខុវិស័យរបស់គណបក្ស ហើយដែលចំពោះមុខនេះ គឺការខិតខំអនុវត្តឱ្យបានជោគជ័យកម្មវិធីនយោបាយ របស់គណបក្សសម្រាប់ការកសាង និងការពារនូវមាតុភូមិឆ្នាំ២០២៣-២០២៨ ដែលក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។

ឯកឧត្តម ហាវ រតនៈ សមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានផ្នែកក្រសួង-ស្ថាប័ន ព្រមទាំងជាប្រធានគ្រប់គ្រងវគ្គ លើកឡើងថា វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមការងារយុវជនផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល ដែលកំណត់អំពីការពង្រឹងសមត្ថភាព និងគុណភាពសមាជិកបក្សជាយុវជន នៅតាមក្រសួងស្ថាប័ន និងគណបក្សមូលដ្ឋាន ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី “នយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺមានឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ធ្វើជាគ្រូឧទ្ទេសដោយផ្ទាល់ ជូនដល់សិក្ខាកាម សរុបចំនួន ១៥៧នាក់ ស្រី ២៦នាក់ ៕ អត្ថបទ បាន សុខរិទ្ធិ




