យោងតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្តីពីការពិនិត្យឡើងវិញនូវរាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមផ្លូវ និងទីសាធារណៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានណែនាំដល់រដ្ឋបាលក្រុងស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំង ត្រូវរុះរើផ្ទាំងប៉ាណូនៅតាមដងផ្លូវ នៅកាត់ពីលើដងផ្លូវ និងនៅតាមទីសាធារណៈនានាស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យអស់។
បើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ប៉ាណូធំៗរបស់ក្រុមហ៊ុនស្រាបៀរប្រមាណ៥០%បានទម្លាក់ចុះនៅក្នុងក្រុងកំពង់ឆ្នាំង នៅ៥០%ទៀតមិនទាន់ទម្លាក់នៅឡើយ។
រដ្ឋបាលខេត្តបញ្ជាក់ថា ការបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមរយៈទម្លាក់ប៉ាណូស្រាបៀរតាមដងផ្លូវនេះ ក្នុងគោលបំណងកាត់បន្ថយការទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍ ធ្វើអោយប៉ះពាល់ដល់កុមារផងដែរ ៕ កាំង ហុងវាស្នា



