តំបន់ក្រាំងឆាន ដែលមានផ្ទៃដីប្រមាណជាង២០០ហិកតា ស្ថិតនៅក្នុងឃុំផ្សារ ស្រុករបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាតំបន់ប្រកបដោយសក្តានុពលលើវិស័យកសិកម្ម និងទេសចរណ៍។ សហគមន៍អភិវឌ្ឍន៍កសិកម្មមួយនៅស្រុករបរិរបូណ៌ គ្រោងសហការជាមួយដៃគូឯកជន ប្រែក្លាយតំបន់មួយនេះ ជាតំបន់មួយដែលអាចផលិតបន្លែសរីរាង្គ ការចិញ្ចឹមសត្វ។ ក្រៅពីនេះនឹងរៀបចំឱ្យក្លាយជាតំបន់ទេចរណ៍ធម្មជាតិដ៏សម្បូបែប សម្រាប់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងកម្សាន្តលំហែរអារម្មណ៍ផងដែរ។
លោក ហេង សំណាង ប្រធានសហគមន៍បានប្រាប់ថាបច្ចុប្បន្នទោះបីផ្លូវនៅមកតំបន់ក្រាំងឆាននៃគម្រោងអភិវឌ្ឍន៍ មានការលំបាកខ្លះ តែលោកនឹងខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយកែប្រែតំបន់នេះអោយក្លាយជាតំបន់បៃតងនៅគ្រប់រដូវកាល ដោយកែច្នៃឱ្យមានជាបឹង សម្រាប់ប្រជាពលរដ្ឋ ឬអ្នកទេសចរណ៍មកជិះទូកលេងកម្សាន្ត។ លោកបន្តថា បច្ចុប្បន្នតំបន់ក្រាំងឆាននេះ បានធ្វើការអភិវឌ្ឍន៍បានមួយចំនួនហើយ។ ប៉ុន្តែក្រោយពីសហគមន៍អភិវឌ្ឍន៍កសិកម្មសហការជាមួយដៃគូឯកជនហើយ នឹងជួយជម្រុញឱ្យតំបន់នេះ ជាតំបន់កសិកម្មមួយដ៏ល្អសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងមូលដ្ឋាន និងតាមទីផ្សារនានាក្នុងខេត្តកំពង់ឆ្នាំង។
ភ្ញៀវទេសចរមកលេងកម្សាន្តនៅទីនេះបានលើកឡើងថា ទោះបីការមកលេងកម្សាន្តនៅតំបន់នេះ មានការលំបាកផ្លូវបន្តិច តែពេលមកដល់តំបន់ក្រាំងឆាននេះ គឺមានអារម្មណ៍ប្លែក រីករាយស្រស់ថ្លា បាត់អស់ទុក្ខកង្វល់ ដោយបានមើលនូវទេសភាព ធម្មជាតិដ៍ស្រស់បំព្រង ព្រមទាំងបានជិះសេះលេងកំសាន្តនៅតាមផ្លូវអមដោយទេសភាពបៃតងស្រស់ផងដែរ។
ភ្ញៀវទេសចរសង្ឃឹមថានៅឆ្នាំ២០២៥ តំបន់ក្រាំងឆាននេះ នឹងក្លាយជាតំបន់ទេសចរណ៍មួយដ៏គួរឱ្យទាក់ទាញបន្ថែមទៀត៕ កាំង ហុងវាស្នា