ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំដល់ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិនថ្មី លោក នួន សារ៉ែន ត្រូវជួយធ្វើការសម្របសម្រួលនីតិវិធីដល់ពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរចេញឬចូល តាមច្រកព្រំដែនឱ្យបានលឿនរហ័ស ប៉ុន្តែត្រូវស្របទៅតាមច្បាប់កំណត់។
ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិន ថ្មី នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា ភាគីពាក់ព័ន្ធទាំងអស់ ដែលមានភារកិច្ចនៅតំបន់ព្រំដែន ត្រូវមានការសម្របសម្រួលការឆ្លងកាត់ព្រំដែនរបស់ភ្ញៀវទេសចរឱ្យបានល្អប្រសើរ និងត្រូវជៀសវាងបង្កបញ្ហាស្មុគស្មាញដល់ការចេញចូលដែលនាំឲ្យមានការរិះពីភ្ញៀវទេសចរ ជាពិសេសត្រូវជួយសម្របសម្រួលការ ចេញចូលតាមព្រំដែនរបស់ប្រជាពលរដ្ឋទាំងសងខាងអោយបានល្អផងដែរ ។
ឯកឧត្តមបន្ថែមទៀតថា មន្រ្តីនៅតាមព្រំដែនត្រូវបន្តពង្រឹងកិច្ចការពារ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមនៅតាមបណ្តោយព្រំដែន កងកម្លាំងមានសមត្ថកិច្ចដែលឈរជើងតាមព្រំដែន ចាំបាច់ត្រូវតែ សហការគ្នាជិតសិទ្ធិ ក្តាប់ឱ្យបាននូវស្ថានភាពសន្តិសុខព្រំដែន មានផែនការ និងកម្មវិធីសហប្រតិបត្តិ ការសំដៅប្រឆាំងរាល់បទល្មើស និងការរត់ពន្ធឆ្លងដែនគ្រប់ប្រភេទ ពិសេសធ្វើយ៉ាងណាឱ្យការដោះដូរទំនិញ របស់ប្រជាពលរដ្ឋរវាងខេត្តទាំង២ មានភាពរលូន និងដំណើរការជាប្រក្រតី ៕