ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកការស្វែងរក និងជំរុញបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ចេញជាផលិតផលសម្រេចផ្សេងៗ គឺជាការចូលរួម ក្នុងអភិវឌ្ឍនៃដំណើរការសេដ្ឋកិច្ច សង្គម ការបង្កើតផលិតផលក្នុងសហគមន៍ ការងារ និងការប្រកួតប្រជែង ខណៈកម្ពុជាគឺជាប្រទេសមាន សក្តានុពលសម្រាប់បម្រើជាវត្ថុជាតិមិនចេះរីងស្ងួត។

ឯកឧត្តម សាយ សំអាល់ លើកឡើងក្នុងពិធីប្រកាសម្ចាស់ជ័យលាភីឆ្នើមពានរង្វាន់តោ្នតមាស ឬត្នោតដ៏ ២០២៤ (Thnot d’Or 2024) នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា ប្រទេសកម្ពុជាគឺប្រទេសដែលមានសក្តានុពលសព្វបែបយ៉ាង សម្រាប់ការរស់នៅរបស់ប្រជាជន ជាពិសេសការចាប់យកបង្កើតជាអាជីវកម្ម ផ្សេងៗ ជាក់ស្តែង លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង គឺជាស្ថាបនិកដ៏ល្បីល្បាញ ក្នុងការស្រាវជ្រាវ និងកែច្នៃចេញជាផលិតផល សម្រេចផ្សេងៗ និងបានបង្កើតនូវអត្តសញ្ញាណរបស់កម្ពុជាជាច្រើនផងដែរ។

ជុំវិញគំនិតច្នៃប្រឌិតនេះ, លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយក្រុមហ៊ុនសហគ្រាស ប៉េប៉េអឹម និងខនហ្វីរេល បានពន្យល់ថា ការជ្រើសរើយយកប្រធានបទ ការច្នៃប្រឌិតបង្កើនគុណតម្លៃផលិតផលរុក្ខជាតិ មានប្រយោជន៍ដល់សុខភាពសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សាអន្តរជាតិ គឺចង់បង្ហាញថា ប្រទេសកម្ពុជាមានភាពសម្បូរបែបផ្នែករុក្ខជាតិឱសថ និងការផលិតចេញជាផលិតផលសម្រេចផ្សេងៗ សម្រាប់ផ្គត់ផ្គង់លើទីផ្សារ និងការនាំចេញ ជាពិសេសគឺការចូលរួមបង្កើតធនធាន មនុស្សនៅកម្ពុជា ឱ្យមានធនធានកាន់តែច្រើនរួមគ្នាជំរុញកែច្នៃ ដើម្បីចូលរួមក្នុងអភិវឌ្ឍនៃដំណើរការសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីក ចម្រើន។

សូមបញ្ជាក់ថាមូលនិធីគីណាល់ បានរៀបចំឱ្យមានការប្រកួតប្រជែងស្នាដៃអត្ថបទស្រាវជ្រាវសម្រាប់ពានរង្វាន់ត្នោតមាសនេះ ចាប់តាំងពីឆ្នាំ ២០១៧ ដើម្បីបញ្ជាក់ពីគោលនយោបាយទំនួលខុសត្រូវសង្គម និងសេដ្ឋកិច្ច (របស់ក្រុមហ៊ុន-សហគ្រាស PPM-Confirel Group) ដែលបង្កើតឡើង និងដឹកនាំដោយលោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ហើយកម្មវិធីពានរង្វាន់ត្នោតមាស ឬ ត្នោតដ៏ (Thnot d'Or) នេះ មានគោលបំណងលើកទឹកចិត្តបណ្តុះគំនិតដល់និស្សិតកម្ពុជា ផ្នែកក្សេត្រសាស្រ្ត និងកសិ-ចំណីអាហារកម្ពុជា ចូលរួមក្នុងការ ស្រាវជ្រាវ និងការបង្កើតថ្មី ដើម្បីក្លាយជាតួអង្គយ៉ាងពិតប្រាកដក្នុងការចូលរួមអភិវឌ្ឍន៍ជនបទនៃប្រទេសកម្ពុជារបស់យើងទាំងអស់គ្នា៕ អត្ថបទ៖ សុន រ៉ាឌី

