កំណាត់ផ្លូវជាតិលេខ១០ (ប្រម៉ោយ-អូរសោម) ដែលរងការខូចខាតដោយទឹកហូរច្រោះ អាចឲ្យរថយន្តតូច-ធំ ចរាចរណ៍ឆ្លងកាត់បណ្តោះអាសន្នវិញបានហើយ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំនេះ។

ឯកឧត្ដម ផន រឹម បានបញ្ជាក់ថា ចំណុចបាក់ស្រុត ប្រេះ ដោយសារទឹកហូរច្រោះផ្លូវជាតិលេខ១០ អាចចរាចរណ៍បណ្តោះបានហើយទាំងយានយន្តធុនតូច-ធំ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់តភ្ជាប់ឡើងវិញ ជាពិសេសការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តពោធិ៍សាត់។
ឯកឧត្ដមបន្តថា នៅពេលនេះ ភ្លៀងនៅតែបន្តធ្លាក់ឥតស្រាកស្រាន្ត ខណៈដែលក្រុមការងារការដ្ឋានកំពុងមមាញឹកទាំងភ្លៀងប្រឹងប្រែងធ្វើអោយកាន់តែប្រសើរឡើងកន្លែងស្រុត ប្រេះ បាក់ ដោយសារទឹកហូរច្រោះនៅចំណុច PK90+600 ចន្លោះឃុំប្រម៉ោយ-ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងធានាអោយមានការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។ ទីតាំងលើកំណាត់ផ្លូវជាតិ១០ ដែលមានដីរអិល បាក់ ស្រុតនេះ បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំជោគជាំជាងកន្លះខែមកនេះ ធ្វើឱ្យទឹកហូរច្រោះដីនៅស្រទាប់ខាងក្រោម និងបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្ដមបានបញ្ជាក់ផងដែរថា គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៨៩,៥៦% ហើយ។ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងតភ្ជាប់ខេត្តចំនួន៣ រួមមាន៖ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕





