ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអាទិត្យ (២៨ កក្កដា) នេះថា ប្រទេសកូរ៉េខាងជើង បានប្តេជ្ញាថានឹង «កម្ទេចសត្រូវរបស់ខ្លួនទាំងស្រុង» ក្នុងករណីមានសង្រ្គាម នៅពេលណាដែលមេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong Un) ចេញបញ្ជា។
មន្ត្រីយោធាជាន់ខ្ពស់ជាច្រើនបានលើកឡើងបែបនេះ «ចេញពីការស្អប់ខ្ពើម» ចំពោះសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍ ដែលចូលរួមដោយលោក Kim ដើម្បីអបអរសាទរខួបលើកទី៧១ នៃសង្គ្រាមកូរ៉េ នេះបើយោងតាម KCNA។
កូរ៉េខាងជើង និងសហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូតទេ ហើយការពិភាក្សាលើការកាត់បន្ថយភាពតានតឹង និងការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានជាប់គាំងតាំងពីឆ្នាំ២០១៩ មក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះបាននិយាយថា ខ្លួនមិនរំពឹងថានឹងមានការផ្លាស់ប្តូរស្ថានការណ៍នេះឡើយ មិនថាអ្នកណាជាអ្នកជាប់ឆ្នោតបន្ទាប់នៅក្នុងសេតវិមានទេ។
ខណៈពេលដែលចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា «កំពុងមានចេតនាបង្កសង្គ្រាមនុយក្លេអ៊ែរ» មន្ត្រីយោធាទាំងនោះបានប្តេជ្ញាពង្រឹងប្រសិទ្ធភាពសង្រ្គាម ដើម្បីចាប់ផ្តើម «ការវាយប្រហារដ៏លើសលប់លើសត្រូវគ្រប់ពេលវេលា និងដោយមិនបង្អង់យូរ ហើយបំផ្លាញពួកគេទាំងស្រុង» នៅពេលដែលមេបញ្ជាការកំពូលរបស់ខ្លួនគឺលោក គីម ជុងអ៊ុន ចេញបញ្ជា៕


