ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ (២៧ កក្កដា) ថា កងកម្លាំងរបស់ខ្លួនបានដណ្ដើមការគ្រប់គ្រងតំបន់តាំងទីលំនៅ ឡូហ្ស៊ូវ៉ាត់ស្កេ (Lozuvatske) នៅក្នុងផ្នែក ប៉ូកក្រូវស្ក៍ (Pokrovsk) នៃតំបន់ ដូណិតស្ក៍ (Donetsk) របស់អ៊ុយក្រែន ដែលជាទីតាំងនៃសមរភូមិជួរមុខគគុកបំផុតនៅក្នុងសង្គ្រាមរយៈពេល ២៩ខែនេះ។
អគ្គសេនាធិការរបស់អ៊ុយក្រែន មិនបានលើកឡើងពីតំបន់តាំងលំនៅនោះក្នុងរបាយការណ៍របស់ខ្លួនទេ ប៉ុន្តែបានកត់សម្គាល់ថាតំបន់ជុំវិញនោះប្រឈមនឹងការប្រយុទ្ធគ្នាយ៉ាងខ្លាំង។ អ្នកសរសេរប្លុកយោធាមិនផ្លូវការ បានរាយការណ៍ពីការខាតបង់យ៉ាងហោចណាស់ចំនួនពីរក្នុងស្រុកផ្សេងទៀតនៅក្នុងផ្នែកនៃទឹកដីនេះ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំង «កណ្តាល» របស់ខ្លួនបានដណ្តើមយកក្រុង Lozuvatske ភាគពាយព្យនៃតំបន់ Donetsk ដែលគ្រប់គ្រងដោយរុស្ស៊ី។ ក្រសួងនេះក៏បានរាយការណ៍ផងដែរថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារលើមូលដ្ឋានផ្សេងទៀតនៅក្នុងផ្នែកនេះ និងបានវាយបកវិញនូវការវាយប្រហារតបតរបស់អ៊ុយក្រែនចំនួនបីលើក។
ប្លុកយោធាមិនផ្លូវការដ៏ពេញនិយមរបស់អ៊ុយក្រែន ឌីបស្តេត (DeepState) មិនលើកឡើងពីក្រុង Lozuvatske នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួននោះទេ ប៉ុន្តែក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ បានរាយការណ៍ពីការដួលរលំនៃភូមិចំនួនពីរនៅក្នុងផ្នែកនេះគឺភូមិ ប្រូរ៉េស (Prohres) និង វ៉ូឆេ (Vovche) ខណៈគណនីផ្លូវការរបស់អ៊ុយក្រែនផ្សេងទៀតមិនបានធ្វើការទទួលស្គាល់ការខាតបង់បែបនេះឡើយ៕

