យោងតាមទិន្នន័យបឋមពីស្ថាប័ន អ៊ិនប៊ីស៊ី យូនីវើសល (NBCUniversal) របស់សារជីវកម្មផ្សព្វផ្សាយ ខមខាស (Comcast) កាលពីថ្ងៃសៅរ៍ (២៧ កក្កដា) បានឱ្យដឹងថា ពិធីបើកកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ប្រទេសបារាំង បានទាក់ទាញអ្នកទស្សនាចំនួន ២៨,៦លាននាក់នៅសហរដ្ឋអាមេរិក ដោយក្រុមហ៊ុននេះបាននិយាយថាជាការចាប់ផ្តើមកីឡារដូវក្តៅដែលមានអ្នកទស្សនាច្រើនបំផុតចាប់តាំងពីព្រឹត្តិការណ៍នៅទីក្រុងឡុងដ៍្រ ក្នុងឆ្នាំ២០១២មក។
ការប្រារព្ធពិធីកាលពីថ្ងៃសុក្រ មានការបង្ហាញអំពីគណៈប្រតិភូអត្តពលិកធ្វើដំណើរតាមទន្លេសែន (Seine) ឆ្លងកាត់ទីតាំងដ៏ល្បីល្បាញរបស់ទីក្រុងប៉ារីស និងការសម្តែងជាសាធារណៈលើកដំបូងរបស់តារាចម្រៀងដ៏ល្បី លោកស្រី សេលីន ឌីអន (Celine Dion) ក្នុងរយៈពេលជាច្រើនឆ្នាំ។

នេះគឺជាព្រឹត្តិការណ៍ចាក់ផ្សាយដ៏សំខាន់មួយសម្រាប់ស្ថាប័នផ្សព្វផ្សាយ NBCUniversal ដែលបានចំណាយប្រាក់ ៧,៦៥ ពាន់លានដុល្លារដើម្បីពង្រីកសិទ្ធិរបស់ខ្លួនក្នុងការចាក់ផ្សាយហ្គេមអូឡាពិកនេះនៅសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០៣២។ កិច្ចព្រមព្រៀងស្តីពីសិទ្ធិប្រព័ន្ធផ្សព្វផ្សាយកីឡាអូឡាំពិករបស់ NBCUniversal គឺធំជាងគេនៅលើពិភពលោក។
តួរលេខអ្នកមើល ដែលរួមមានទូរទស្សន៍ NBC និងសេវាចាក់ផ្សាយ ផីខុក (Peacock) គឺជាជោគជ័យយ៉ាងខ្លាំងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយនេះ បើធៀបនឹងអ្នកទស្សនាត្រឹមតែ ១៧លាននាក់ប៉ុណ្ណោះសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ក្នុងឆ្នាំ២០២១។ ទាំងកីឡាអូឡាំពិកនៅទីក្រុងតូក្យូ និងនៅទីក្រុងប៉េកាំងឆ្នាំ២០២២ មានឧបសគ្គតំបន់ពេលវេលា (ម៉ោងចាក់ផ្សាយ) ដ៏លំបាកសម្រាប់ទស្សនិកជនអាមេរិក ហើយត្រូវបានជះឥទ្ធិពលដោយជំងឺរាតត្បាតទៀតផង៕

