ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃសុក្រ (២៦ កក្កដា) បានស្នើឱ្យតុលាការឧទ្ធរណ៍សហព័ន្ធ នៅតែរក្សាច្បាប់ខែមេសា ដែលតម្រូវឱ្យក្រុមហ៊ុន បៃឌែនស៍ (ByteDance) ដែលមានមូលដ្ឋាននៅប្រទេសចិន លក់ទ្រព្យសម្បត្តិរបស់កម្មវិធីវីដេអូខ្លី ទីកតុក (TikTok) នៅសហរដ្ឋអាមេរិក ត្រឹមថ្ងៃទី១៩ ខែមករា បើមិនដូច្នេះទេនឹងប្រឈមនឹងការហាមឃាត់។

ក្រសួងយុត្តិធម៌ បានអះអាងនៅក្នុងឯកសាររបស់ខ្លួនថា TikTok នៅក្រោមកម្មសិទ្ធិរបស់ចិន បង្កការគំរាមកំហែងដល់សន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរដោយសារតែការចូលប្រើទិន្នន័យផ្ទាល់ខ្លួនដ៏ច្រើនលើសលប់របស់ជនជាតិអាមេរិក ដោយអះអាងថា ចិនអាចក្លែងបន្លំព័ត៌មានដែលជនជាតិអាមេរិកប្រើប្រាស់តាមរយៈ TikTok ។

ក្រសួងនេះបាននិយាយថា «ការគំរាមកំហែងសន្តិសុខជាតិធ្ងន់ធ្ងរដែលបង្កឡើងដោយ TikTok គឺជាការពិត។ TikTok ផ្តល់ឱ្យរដ្ឋាភិបាលចិននូវមធ្យោបាយដើម្បីធ្វើឱ្យខូចសន្តិសុខជាតិរបស់អាមេរិកតាមវិធីសំខាន់ពីរគឺ ការប្រមូលទិន្នន័យ និងការរៀបចំមាតិកាបំភាន់»។
រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានស្នើឱ្យសាលាឧទ្ធរណ៍ដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ច្រានចោលបណ្តឹងរបស់ TikTok ក្រុមហ៊ុនមេ ByteDance និងក្រុមអ្នកបង្កើតមាតិកា TikTok ដែលស្វះស្វែងទប់ស្កាត់ច្បាប់ដែលអាចហាមឃាត់អេប (App) មួយនេះ។ TikTok បានបដិសេធម្តងហើយម្តងទៀតថាខ្លួននឹងមិនចែករំលែកទិន្នន័យអ្នកប្រើប្រាស់អាមេរិកជាមួយចិន ឬរៀបចំវីដេអូបែបបំភាន់ឡើយ៕
