ភ្នំពេញ ៖ ជាថ្មីម្តង ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែកញ្ញានេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងការបទេសមិនទាន់រកឃើញអង្គមិនមែនរដ្ឋាភិបាលបរទេសណាមួយ បានចូលរួមលាងលុយពីបរទេសនោះទេ។
ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេសលើកទី២ ចាប់ពីថ្ងៃទី២៩–៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។
កិច្ចប្រជុំនេះ មានគោលបំណងផ្លាស់ប្ដូរទស្សនទានដោយស្មោះត្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ព្រមទាំងលើកកម្ពស់ការយល់ដឹង ដល់អង្គការមិនមែនរដ្ឋាភិបាលបរទេស អំពី «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយ ភាយអាវុធមហាប្រល័យ» និង «ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម» និងកាតព្វកិច្ចរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស។
មានប្រសាសន៍ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម លុយ ដាវីតរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងការបរទេសមិនបានរកឃើញ អង្គការមិនមែនរដ្ឋាភិបាលបរទេសណាមួយ ចូលរួមលាងលុយខុសច្បាប់ និងផ្ដល់ហិរញ្ញប្បទានជូនភេរវកម្ម នោះទេ។ឯកឧត្តម ថា អង្គការមិនមែនរដ្ឋាភិបាលបរទេស គឺបានគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងមានសហប្រតិបត្តិការល្អជាមួយក្រសួង។
នៅឆ្នាំ២០១៩ កន្លងទៅ អង្គការឃ្លាំមើលការលាងលុយកខ្វក់អន្តរជាតិដែលហៅកាត់ជា ភាសារអង់គ្លេសថា «FATF» បានដាក់កម្ពុជាក្នុងបញ្ជីប្រផេះ ដើម្បីតាមដានការលាងលុយកខ្វក់ ខណៈកម្ពុជា មានលំហូរអ្នកវិនិយោគចិន ផ្នែកសំណង់ ខុនដូរ និងកាស៊ីណូ ជាដើម។
ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ នៅឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានបង្កើតច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។មាត្រា៣៨នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី២ឆ្នាំទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពីមួយរយលានរៀលទៅប្រាំរយលានរៀល ឫរហូតដល់ស្មើនឹងតម្លៃមូលនិធិ ឫទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការសម្អាតប្រាក់ខុសច្បាប់៕
អត្ថបទ ៖ ទូច សោភ័ណ





