ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់គណៈកម្មាធិការអូឡាំពិកប៉ូឡូញលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ប្រភេទអូឡាំពិករួមគ្នា នាពេលអនាគត។

ឯកឧត្តមបណ្ឌិត ថោង ខុន បានលើកឡើងពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-ប៉ូឡូញមានភាពស្អិតល្មួតតាំងពីសម័យសម្តេចព្រះបរមរតនកោដ្ឋមកម្លេះ រហូតកម្ពុជាបានឧទ្ទេសនាមមហាវិថីមួយឈ្មោះសាធារណរដ្ឋប៉ូឡូញ ។ បន្ថែមលើនេះ ឯកឧត្តមក៏បានស្នើសុំឲ្យថ្នាក់ដឹកនាំប៉ូឡូញពិនិត្យលទ្ធភាពរួមគ្នាអភិវឌ្ឍកីឡាអូឡាំពិកដូចគ្នាគម្រោងហ្វឹកហាត់កីឡាកម្រិតខ្ពស់ និងការបញ្ជូនគ្រូបង្វឹកជំនាញអន្តរជាតិ។
ជាការឆ្លើយតបថ្នាក់ដឹកនាំអូឡាំពិកប៉ូឡូញ បានស្វាគមន៍លើគម្រោងកិច្ចសហប្រតិបត្តិការរួមគ្នា និងអញ្ជើញ ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ធ្វើទស្សនកិច្ចនៅប្រទេសប៉ូឡូញ ដើម្បីបន្តពង្រឹងទំនាក់ទំនងអភិវឌ្ឍកីឡារួមគ្នារវាងប្រទេសទាំងពីរ ក៏ដូចជាអញ្ជើញប្រតិភូអូឡាំពិកកម្ពុជា ធ្វើដំណើរទស្សនកិច្ចនៅទីស្នាក់ការអូឡាំពិកប៉ូឡូញ ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រតិភូទាំងពីរផងដែរ៕
ប្រភពៈOlympic Cambodia
