រលកកម្ដៅដ៏ក្ដៅគគុកបានបន្តវាយប្រហារពាសពេញតំបន់មជ្ឈិមបូព៌ា ជាមួយនឹងសីតុណ្ហភាពលើសពី ៥០អង្សារសេនៅកន្លែងជាច្រើន ដែលបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាជនក្នុងតំបន់ និងបង្កើនសម្ពាធលើប្រព័ន្ធថាមពលក្នុងតំបន់។
នៅអ៊ីរ៉ង់ រលកកម្តៅបានមកដល់ប៉ុន្មានថ្ងៃមុននេះ ដោយបង្កើនសីតុណ្ហភាពនៅក្នុងទីក្រុងភាគច្រើនលើសពី ៤០អង្សាសេ។ នៅក្នុងបណ្ដាខេត្តភាគខាងត្បូងរបស់អ៊ីរ៉ង់ សីតុណ្ហភាពបានឡើងដល់ ៥០អង្សាសេ ចាប់តាំងពីពាក់កណ្តាលខែកក្កដាមក។
កន្លែងមួយចំនួននៅតំបន់ឈូងសមុទ្របានឃើញសន្ទស្សន៍កម្ដៅឡើងដល់ ៦០ទៅ ៦៥អង្សាសេ។ ប្រទេសគុយវ៉ែត បានរងការវាយប្រហារដោយរលកកម្ដៅចាប់តាំងពីសប្តាហ៍មុន ជាមួយនឹងសីតុណ្ហភាពខ្ពស់បំផុតលើសពី ៥០អង្សាសេកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន នេះបើយោងតាមភ្នាក់ងារឧតុនិយមគុយវ៉ែត។
ប្រទេសផ្សេងទៀតដូចជាទួរគី អ៊ីរ៉ាក់ និងអេហ្ស៊ីបក៏បានស្ថិតក្រោមកម្ដៅដ៏គ្រោះថ្នាក់នេះផងដែរ។ ដោយសារបម្រែបម្រួលអាកាសធាតុត្រូវបានគេរំពឹងថានឹងកាន់តែធ្ងន់ធ្ងរនៅក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ដែលក្តៅខ្លាំង និងជួនកាលបណ្តាលឱ្យមានអ្នកស្លាប់រៀងរាល់រដូវក្តៅ គឺស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត៕


