មនុស្សរាប់ពាន់នាក់ បានចេញតវ៉ានៅតាមដងផ្លូវក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីថ្ងៃសៅរ៍ (២៧ កក្កដា) ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធភាព នៃច្បាប់មួយដែលពួកគេខ្លាចថាអាចនាំឱ្យមានការសម្លាប់សត្វសុខនយ៉ាងច្រើនទូទាំងប្រទេស។
សេចក្តីព្រាងច្បាប់ដែលមានគោលបំណងគ្រប់គ្រងសត្វសុខនគ្មានម្ចាស់របស់ប្រទេសនេះ បានទាក់ទាញការតវ៉ាស្ទើរតែរាល់ថ្ងៃអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ គេក៏បានឃើញតារាល្បីៗរបស់ចក្រភពអង់គ្លេស និយាយប្រឆាំងនឹងអ្វីដែលពួកគេដាក់ឈ្មោះថា «អមនុស្សធម៌ចំពោះសុខុមាលភាពសត្វ»។
សុខនគ្មានម្ចាស់ប្រហែលបួនលានក្បាលកំពុងដេកតាមផ្លូវក្នុងប្រទេសទួរគី។ ទោះបីជាសុខនទាំងនោះភាគច្រើនគ្មានគ្រោះថ្នាក់ក៏ដោយ ក៏មនុស្សជាច្រើន រួមទាំងកុមារត្រូវបានវាយប្រហារនៅទីក្រុងអ៊ីស្តង់ប៊ុល និងកន្លែងផ្សេងទៀត។ សំណើច្បាប់នេះមានគោលបំណងធ្វើឱ្យផ្លូវថ្នល់មានសុវត្ថិភាពជាងមុន ផ្ដល់សិទ្ធិដល់សាលាក្រុងប្រមូលសត្វសុខនគ្មានម្ចាស់ ហើយដាក់ពួកគេនៅក្នុងជម្រកដែលនឹងត្រូវបានក្រៀវ។
សកម្មជនសិទ្ធិសត្វបារម្ភថា សាលាក្រុងខ្លះអាចសម្លាប់សត្វសុខនទាំងនោះដោយលេសថាពួកគេឈឺ ជាជាងបែងចែកធនធានសម្រាប់ជម្រក ឬបញ្ជូនពួកគេទៅកាន់ទីជម្រកដែលមិនយកចិត្តទុកដាក់ និងតូចចង្អៀត។ រដ្ឋាភិបាលបដិសេធថាច្បាប់នេះនឹងមិននាំឱ្យមានការសម្លាប់យ៉ាងរាលដាលនោះទេ ហើយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសបាននិយាយថា អ្នកណាដែលសម្លាប់សុខនគ្មានម្ចាស់ «ដោយគ្មានហេតុផល» នឹងត្រូវទទួលទោស៕

