ប្រជាជននៅក្នុងតំបន់ ណស ដាហ្វឺ (North Darfur) នៃប្រទេសស៊ូដង់ កំពុងប្រឈមមុខនឹងកង្វះខាតស្បៀងអាហារ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តយ៉ាងធ្ងន់ធ្ងរ ខណៈការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាក្នុងខែឧសភា រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានផ្ទុះឡើងជាថ្មីនៅក្នុងទីក្រុង អ៊ែលហ្វាសឺ (El Fasher) រដ្ឋធានីនៃរដ្ឋ ណស ដាហ្វឺ។
យោងតាមក្រសួងសុខាភិបាលតំបន់ ណស ដាហ្វឺ បានឱ្យដឹងថា ការកើនឡើងនៃជម្លោះនាពេលថ្មីៗនេះនៅក្រុង អ៊ែលហ្វាសឺ បានបណ្តាលឱ្យជនស៊ីវិលប្រហែល ៧៥០នាក់ស្លាប់ និងជាង ៤.៧០០នាក់រងរបួស ហើយបច្ចុប្បន្នមនុស្ស ៨០០.០០០នាក់កំពុងជាប់នៅក្រុងនេះ។ យោងតាមអង្គការសុខភាពពិភពលោក ជំនួយមនុស្សធម៌មិនអាចចូលទៅក្នុងទីក្រុងបានទេ ដែលនាំឱ្យមានការខ្វះខាតខ្លាំងនៃស្បៀងអាហារ ឱសថ និងការផ្គត់ផ្គង់ផ្សេងៗ។
ជម្លោះនៅក្នុងតំបន់ ដាហ្វឺ បានជម្លៀសប្រជាជនជាង ៤លាននាក់ក្នុងឆ្នាំកន្លងមក។ ភាគច្រើននៃជនភៀសខ្លួនទាំងនោះឥឡូវនេះកំពុងរស់នៅក្នុងជំរំជនភៀសខ្លួនក្នុងស្រុករាប់សិបកន្លែង ដែលស្ថានភាពមានការលំបាកខ្លាំង។
ប្រព័ន្ធថែទាំសុខភាពនៅក្រុង El Fasher ក៏ស្ថិតក្នុងដំណាក់កាលដួលរលំផងដែរ ដោយទីតាំងពេទ្យទាំងអស់បានឈប់ដំណើរការ លើកលែងតែមន្ទីរពេទ្យមួយ និងមណ្ឌលថែទាំសុខភាពបឋមចំនួនបួនប៉ុណ្ណោះ។ ការផ្ទុះឡើងនៃជំងឺឆ្លងដូចជាជំងឺអាសន្នរោគ និងជំងឺរាគ ក៏ចាប់ផ្តើមរីករាលដាលនៅក្នុងជំរំជនភៀសខ្លួនមួយចំនួនផងដែរ៕

