យុទ្ធនាការបោះឆ្នោតរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ កក្កដា) ថា ខ្លួនរៃអង្គាសប្រាក់បាន ២០០លានដុល្លារ និងបានចុះឈ្មោះអ្នកស្ម័គ្រចិត្តថ្មីចំនួន ១៧០.០០០នាក់ក្នុងមួយសប្តាហ៍ ចាប់តាំងពីលោកស្រីមានសង្ឈឹមអាចក្លាយជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ខណៈគណបក្សសាធារណរដ្ឋបានបន្តវាយប្រហារលើលោកស្រី Harris ជុំវិញចំណុចខ្វះខាតក្នុងការងារជាអនុប្រធានាធិបតីរបស់លោកស្រី។

លោក រ៉ប ហ្វ្លាហឺធី (Rob Flaherty) នាយករងយុទ្ធនាការរបស់លោកស្រី Harris បានបង្ហោះនៅលើបណ្ដាញសង្គម X ថា «នៅក្នុងសប្តាហ៍នេះចាប់តាំងពីចាប់ផ្តើមមក យុទ្ធនាការលោកស្រី Kamala Harris បានរៃអង្គាសប្រាក់បាន ២០០លានដុល្លារ ដោយ ៦៦ភាគរយនៃចំនួននោះគឺបានមកពីម្ចាស់ជំនួយថ្មី»។

យុទ្ធនាការលោក Donald Trump បាននិយាយកាលពីដើមខែកក្កដាថា ខ្លួនបានរៃអង្គាសប្រាក់បានចំនួន ៣៣១លានដុល្លារក្នុងត្រីមាសទី២ ដោយលើសពីចំនួន ២៦៤លានដុល្លារដែលយុទ្ធនាការលោក Biden និងសម្ព័ន្ធមិត្តប្រជាធិបតេយ្យរបស់ខ្លួនបានរៃអង្គាសក្នុងរយៈពេលដូចគ្នានេះ។ យុទ្ធនាការលោក Trump មានសាច់ប្រាក់ ២៨៤,៩លានដុល្លារនៅក្នុងដៃនៅចុងខែមិថុនា ខណៈយុទ្ធនាការបក្សប្រជាធិបតេយ្យមានសាច់ប្រាក់ត្រឹមតែ ២៤០លានដុល្លារប៉ុណ្ណោះនៅពេលនោះ។
លោកស្រី Harris ទទួលបានការគាំទ្រពីប្រតិភូភាគច្រើននៃសន្និបាតជាតិប្រជាធិបតេយ្យ ដែលទំនងជាធានាបានថាលោកស្រីនឹងទទួលបានការតែងតាំងជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សនៅខែក្រោយនេះ៕