ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានចុះពិនិត្យស្ថានភាពទឹកជំនន់កាលពីថ្ងៃអាទិត្យនៅតំបន់លិចទឹកនៅជិតព្រំដែនជាមួយប្រទេសចិន បន្ទាប់ពីមនុស្សប្រមាណ៥.០០០នាក់ បានរងផលប៉ះពាល់។

ទីភ្នាក់ងារសារព័ត៌មានKCNA បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍នៅតំបន់ សិន អួយ ជូ ( Sinuiju)របស់កូរ៉េខាងជើង និងតំបន់ក្បែរៗ ជាប់ព្រំដែនប្រទេសចិន បានកាត់ផ្ដាច់ទំនាក់ទំនងទៅកាន់ប្រជាពលរដ្ឋ ប្រហែល ៥.០០០នាក់ ។

សារព័ត៌មាន KCNA បាននិយាយថា យោធាបានរៀបចំយន្តហោះប្រហែល ១០ គ្រឿងដើម្បីចូលរួមជួយសង្រ្គោះមនុស្ស ៤.២០០ នាក់ ក្នុងរយៈពេលប្រហែលកន្លះថ្ងៃ។
ប្រភពខាងលើបាននិយាយថា លោក Kim បានសរសើរយោធាចំពោះកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដែលលោកបាននិយាយថាបានជួយសង្គ្រោះជីវិតមនុស្សចំនួន ៥.០០០នាក់ ប៉ុន្តែលោកបានស្តីបន្ទោសមន្ត្រីចំពោះការរៀបចំមិនគ្រប់គ្រាន់នៃវិធានការឆ្លើយតបវិបត្តិដើម្បីការពារការខូចខាតដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងព្យុះទីហ្វុង។
តំបន់នេះ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះត្រូពិច ហ្កែមី (Gaemi) ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បង្កឲ្យមានបំណាក់ដីផងដែរដោយសារភ្លៀង ហើយបានសម្លាប់មនុស្ស ១៥ នាក់នៅភាគខាងត្បូងប្រទេសចិន និងបណ្តាលឱ្យមានទឹកជំនន់ដ៏គំហុកនៅប្រទេសនិងកោះផ្សេងទៀត៕