ក្រសួងការបរទេសអាមេរិកបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) កាលពីថ្ងៃអាទិត្យ (២៨ កក្កដា) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ «សន្តិភាពដ៏យុត្តិធម៍ និងយូរអង្វែង» សម្រាប់អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានយ៉ាម ចៃសានខា (Subrahmanyam Jaishankar)។

ការពិភាក្សានេះបានកើតឡើងស្របពេលដែលដំណើរទស្សនកិច្ចមួយត្រូវបានរាយការណ៍ថាគ្រោងនឹងធ្វើឡើយទៅកាន់អ៊ុយក្រែនដោយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្រ្ទៈ ម៉ូឌី (Narendra Modi)។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាជាច្រើនរាយការណ៍នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថា លោក Modi ទំនងជានឹងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន នៅថ្ងៃទី២៣ ខែសីហា ដែលនឹងក្លាយជាដំណើរលើកដំបូងរបស់លោកទៅកាន់ប្រទេសនេះចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការយោធាក្នុងខែកុម្ភៈ ឆ្នាំ២០២២មក ហើយនឹងមកត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីលោកបានជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅទីក្រុងមូស្គូ។
ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងរបស់លោក Blinken និងលោក Jaishankar កាលពីថ្ងៃអាទិត្យ បាននិយាយអំពីកិច្ចប្រជុំរបស់អ្នកទាំងពីរ ប៉ុន្តែមិនបានលើកឡើងពីអ៊ុយក្រែន ជាពិសេសនោះទេ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោន បានខិតខំពង្រឹងទំនាក់ទំនងជាមួយទីក្រុងញូវដែលី ខណៈខ្លួនបានចាត់ទុកឥណ្ឌា ថាជាប្រទេសដែលមានសក្តានុពលប្រឆាំងនឹងចិន។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលលោក Modi កំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ី ក្រសួងការបរទេសអាមេរិកបាននិយាយថា ខ្លួនបានបង្កើនការព្រួយបារម្ភជាមួយឥណ្ឌា ជុំវិញទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី៕