លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អតីតសកម្មជនមកពីគណបក្សជំទាស់ រួមទាំងបងប្អូនខ្មែរគ្រប់និន្នាការទាំងអស់ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះបានបន្តចេញវិដេអូឃ្លីបដាច់ដោយឡែកពីគ្នាប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ។
តាមរយៈវិដេអូឃ្លីប ជាក្រុមផង និងម្នាក់ឯងផង របស់អតីតមន្រ្តីគណបក្សប្រឆាំង លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋពីគ្រប់ទិសទី ទាំងនោះបានលើកឡើងថាពួកគេគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម(CLV-DTA)ហើយបានប្រកាសថ្កោលទោសផងដែរចំពោះជនណា ជាពិសេសក្រុមក្បត់ជាតិបីជំនាន់ ដែលបានបន្តញុះញង់ និងបំភ្លៃការពិតថាចំពោះកិច្ចសហប្រតិបត្តិការនេះថាធ្វើឱ្យបាត់បង់ទឹកដីរបស់កម្ពុជានោះ។
សូមបញ្ជាក់ថាកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបីនេះ ធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាងប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២ផងដែរ។
គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហាតាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែនការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណីដូចជា ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណនេះដែរ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់បន្ថែមថាគ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយ ការភាន់ច្រឡំមួយចំនួននោះឡើយ។ គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃ ឈើជាដើម របស់ខេត្តទាំងបួនដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។ និងគ្មានការអនុញ្ញាត ឲ្យប្រជាពលរដ្ឋនៃប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ៕ អត្ថបទ៖ បាន ចក់