រដ្ឋបាលខេត្តបាត់ដំបងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកស្ទឹងសង្កែហក់ឡើងខ្ពស់បណ្ដាលឱ្យតំបន់មួយចំនួនក្នុងក្រុងបាត់ដំបង និងក្នុងភូមិសាស្រ្តស្រុកជាប់ស្ទឹងសង្កែរងការលិចលង់។
សូមជម្រាបថា គិតត្រឹមវេលាម៉ោងព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ទឹកស្ទឹងសង្កែនៅចំណុចគល់ស្ពានសម្ដេចតេជោ បានហក់ឡើងដល់កម្ពស់១៣.៧០ម៉ែត្រដែលជាកម្រិតត្រូវប្រុងប្រយ័ត្ន និងកម្រិតទឹកដែលត្រូវប្រកាសអាសន្ននៅកម្ពស់១៤,៥០ម៉ែត្រ ខណៈទឹកបានហូរតាមលូចូលក្នុងក្រុងបាត់ដំបងបណ្ដាលឱ្យតំបន់ផ្សារបឹងឈូក និងតំបន់មួយចំនួនទៀតរងការលិចលង់។ ក្រៅពីក្រុងបាត់ដំបង តំបន់ជាប់មាត់ស្ទឹងសង្កែក្នុងភូមិសាស្រ្តស្រុកបាណន់ ជាពិសេសស្រុកឯកភ្នំដែលជាស្រុកទំនាបជាងគេបានរងការលិចលង់ផ្ទះសម្បែង ស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
ពាក់ព័ន្ធស្ថានភាពជំនន់ទឹកភ្លៀងនេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីជូនដំណឹងស្ដីពីការត្រៀមបង្ការជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង ដោយបានបញ្ជាក់ថា អាងទឹកពហុបំណងបាត់ដំបងបានចាប់ផ្តើមស្រកជាបណ្តើរៗហើយប៉ុន្តែទឹកនៅស្ទឹងសង្កែនឹងមានការកើនឡើងតិចតួចដោយសារទឹកសល់ជំរុញមកពីផ្នែកខាងលើ បន្ទាប់មកទឹកស្ទឹងសង្កែនឹងបន្តស្រុកចុះវិញ។
រដ្ឋបាលខេត្ត បញ្ជាក់បន្ថែមថា ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារៈ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាព ដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណាមួយកើតមានឡើង។ ទន្ទឹមគ្នានេះដែរអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការអន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមានគ្រោះមហន្តរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀតត្រូវធ្វើការផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ៕







