
ភ្នំពេញ៖ សេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ចេញនៅថ្ងៃទី១ ខែកញ្ញាបានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ត្រូវចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ទូទាំងប្រទេស ។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមា នភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោតដែលបានទទួលមរណភាព, ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន, ដែលបានផ្លាស់លំនៅស្ថាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេងដោយមានឯកសារជាសំ អាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១នេះ ក៏ដើម្បីកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោតតាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវផងដែរ។
ចំពោះការចុះឈ្មោះបោះឆ្នោតវិញ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក, ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង(កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) និងប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅស្ថាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ដោយត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អា ស្រ័យនៅ៕ ដោយ៖ គង់ ឌិន