យោងតាមការស្ទង់មតិថ្មីរបស់សារព័ត៌មាន ABC News និងស្ថាប័នស្រាវជ្រាវ Ipsos ដែលធ្វើឡើងនៅថ្ងៃទី២៦ និងទី២៧ ខែកក្កដា បានបង្ហាញថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានមើលឃើញកំណើនអត្រាពេញចិត្តក្នុងចំណោមប្រជាជនអាមេរិក ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) សម្រេចដកខ្លួនមិនប្រជែងអាណត្តិថ្មី។

អត្រាពេញចិត្តលើលោកស្រី Harris បានកើនឡើងដល់ ៤៣ភាគរយពីតួលេខ ៣៥ភាគរយកាលពីមួយសប្តាហ៍មុន នេះបើយោងតាមការស្ទង់មតិដោយផ្អែកលើមនុស្សពេញវ័យអាមេរិកចំនួន ១.២០០នាក់។ ការស្ទង់មតិបានរកឃើញថា ៤២ភាគរយនៃអ្នកឆ្លើយតបមិនពេញចិត្តចំពោះលោកស្រី Harris ដោយធ្លាក់ចុះពី ៤៦ភាគរយកាលពីមុន។

តួលេខនេះបានកើតឡើងស្របពេលដែលយុទ្ធនាការរបស់លោកស្រីបានរៃអង្គាសប្រាក់បានចំនួន ២០០លានដុល្លារអាមេរិក ក្នុងមួយសប្តាហ៍ចាប់តាំងពីបានចូលរួមប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤។

គូប្រជែងខាងគណបក្សសាធារណរដ្ឋរបស់លោកស្រី គឺលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានមើលឃើញអត្រាពេញចិត្តរបស់ខ្លួនធ្លាក់ចុះមកត្រឹម ៣៦ភាគរយប៉ុណ្ណោះក្នុងការស្ទង់មតិនេះ ដោយធ្លាក់ចុះបន្តិចពីតួលេខ ៤០ភាគរយ បន្ទាប់ពីហេតុការណ៍ប៉ុនប៉ងធ្វើឃាតរបស់លោក៕