អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសវេណេស៊ុយអេឡា បាននិយាយនៅពេលពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃចន្ទ (២៩ កក្កដា) នេះថា លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានឈ្នះអាណត្តិទីបី ជាមួយនឹងសម្លេងឆ្នោត ៥១ភាគរយ បើទោះជាមានការស្ទង់មតិក្រោយបោះឆ្នោតជាច្រើនបានចង្អុលបង្ហាញពីការឈ្នះរបស់គណបក្សប្រឆាំងក៏ដោយ។

អាជ្ញាធរបាននិយាយថា បេក្ខភាពបក្សប្រឆាំង លោក អេដម៉ុនដូ ហ្គនហ្សាលេស (Edmundo Gonzalez) ទទួលបានសំឡេងគាំទ្រ ៤៤ភាគរយ ទោះបីជាបក្សប្រឆាំងនេះបាននិយាយមុននោះថាខ្លួនមាន «ហេតុផលដើម្បីអបអរសាទរ» និងសុំឱ្យអ្នកគាំទ្របន្តតាមដានការរាប់សន្លឹកឆ្នោតក៏ដោយ។ មេដឹកនាំគណបក្សប្រឆាំង លោកស្រី ម៉ារៀ ខូរីណា ម៉ាឆាដូ (Maria Corina Machado) បានរំលឹកឡើងវិញនូវការអំពាវនាវឱ្យយោធារបស់ប្រទេសគាំទ្រលទ្ធផលនៃការបោះឆ្នោត ដែលខ្លួនសង្ឈឹមថាទទួលជ័យជម្នះ។

យោធាវេណេហ្ស៊ុយអេឡា តែងតែគាំទ្រលោក Maduro ដែលជាអតីតអ្នកបើកបររថយន្តក្រុង និងរដ្ឋមន្ត្រីការបរទេស វ័យ ៦១ឆ្នាំ ហើយមិនមានសញ្ញាសាធារណៈណាមួយដែលបង្ហាញថា មេដឹកនាំកងកម្លាំងប្រដាប់អាវុធកំពុងផ្ដាច់ខ្លួនចេញពីរដ្ឋាភិបាលនោះទេ។
គួររម្លឹកថា ការស្ទង់មតិមួយពីស្ថាប័នស្រាវជ្រាវ អេឌីសុន (Edison Research) បានព្យាករនៅក្នុងការស្ទង់មតិចាកចេញថា លោក Gonzalez នឹងឈ្នះ ៦៥ភាគរយនៃការបោះឆ្នោត ខណៈលោក Maduro នឹងឈ្នះ ៣១ភាគរយ។ ក្រុមហ៊ុនស្ទង់មតិក្នុងស្រុក មេកអាណាលីស៊ីស (Meganalisis) ក៏បានព្យាករថាលោក Gonzalez នឹងឈ្នះបាន ៦៥ភាគរយ ហើយលោក Maduro ឈ្នះបាន ១៤ភាគរយប៉ុណ្ណោះ៕