ចំហេះព្រៃដែលបានឆេះរាលដាលពាសពេញភាគខាងលិចសហរដ្ឋអាមេរិក និងកាណាដា បានដាក់មនុស្សរាប់លាននាក់ឲ្យស្ថិតនៅក្រោមការប្រកាសអាសន្នពីគុណភាពខ្យល់កាលពីថ្ងៃអាទិត្យ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់ព្យាយាមពន្លត់អណ្ដាតភ្លើងនៅភាគខាងលិច រួមទាំងភ្លើងឆេះព្រៃធំបំផុតនៅរដ្ឋ California ក្នុងឆ្នាំនេះ។

ភ្លើងឆេះព្រៃមានឈ្មោះថា Park Fire បានឆាបឆេះលើផ្ទៃដីជាង ១.៤៣០គីឡូម៉ែត្រក្រឡា នៃភាគខាងជើងរដ្ឋ California គិតត្រឹមព្រឹកថ្ងៃអាទិត្យ ដោយបានបញ្ចេញផ្សែងធ្វើឱ្យផ្ទៃមេឃងងឹត និងចុះអ័ព្ទ និងរួមចំណែកដល់គុណភាពខ្យល់មិនល្អនៅក្នុងផ្នែកដ៏ធំនៃភាគពាយ័ព្យសហរដ្ឋអាមេរិក និងភាគខាងលិច ប្រទេសកាណាដា។

ទោះបីជាចំហេះព្រៃត្រូវបានពន្លត់ត្រឹមតែ ១២ ភាគរយក៏ដោយ ប៉ុន្តែសីតុណ្ហភាពកាន់តែត្រជាក់ និងសំណើមកើនឡើង អាចជួយក្រុមពន្លត់អគ្គិសនភ័យ ពន្លត់អណ្ដាតភ្លើង ដែលបានទាក់ទាញការប្រៀបធៀបទៅនឹងចំហេះព្រៃ មានឈ្មោះថា Camp Fire កាលពីឆ្នាំ២០១៨ ដែលបានឆាបឆេះសហគមន៍ Paradise ក្បែរនោះ ដោយបានសម្លាប់មនុស្ស ៨៥នាក់ និងឆេះបំផ្លាញផ្ទះសម្បែងពលរដ្ឋចំនួន១១.០០០ខ្នង។
ក្រុមអាជ្ញាធររដ្ឋនេះ បានចេញបញ្ជាឲ្យជម្លៀសពលរដ្ឋ ខណៈចំហេះព្រៃ Park Fire បច្ចុប្បន្នក្លាយជាភ្លើងឆេះព្រៃដ៏ធំជាងគេបំផុតក្នុងចំណោមចំហេះព្រៃធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋនេះ៕