ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Svay Reing Super Cup លើកទី១ ដែលផ្ដួចផ្ដើមគំនិតរៀបចំដោយឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.) និងជាប្រធាន ស.ស.យ.ក ខេត្តស្វាយរៀង បានចាប់ផ្ដើមការប្រកួតផ្លូវការហើយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ។

ទន្ទឹមជាមួយការប្រកួតថ្ងៃដំបូងនេះដែរ សុទ្ធតែបានបញ្ចប់ដោយលទ្ធផលឈ្នះ-ចាញ់ នៅទីលានវិទ្យាល័យ ស្វាយរំពា ខេត្តស្វាយរៀង ក្នុងនោះមានបេក្ខភាព ៣ក្រុម ដែលរកបាន ៣ពិន្ទុពេញ រួមមានក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ក្រុមពូប្រុស លីងគួយ និងក្រុមយុវជន U18 ព្រះខ័នរាជស្វាយរៀង ។
សម្រាប់ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង គឺបានយកឈ្នះក្រុមយុវជនគគីរសោម ១១-១ ក្នុងជំនួបបើឆាកពូលA ដែលគ្រាប់បាល់ជ័យជម្នហនេះ ធ្វើសម្រេចដោយកីឡាករ ថន ដារ៉ាពេជ្រ ៨គ្រាប់ម្នាក់ឯង និងមិត្ដរួមក្រុមកីឡាករ ទ្រឿង ឆានឆាត, យិន យ៉ានុន និង សេង ចាន់រស្មី ម្នាក់ ១គ្រាប់ ។

ចំណែកការប្រកួតពូលA មួយគូទៀត គឺក្រុម ពូប្រុស លីងគួយ បានយកឈ្នះក្រុមយុវជនឃុំសម្បត្តិមានជ័យ ដោយលទ្ធផល ២-១។ ជំនួបដ៏តានតឹងនេះ ក្រុម ពូប្រុស លីងគួយ បានបើកការនាំមុខ ២គ្រាប់មុន ដោយកីឡាករ យិន រីណា និង ញ៉ូ មករា មុនកីឡាករ ចំរើន ពិសាល វាយបកបាន ១គ្រាប់ឲ្យក្រុមយុវជនឃុំសម្បត្តិមានជ័យ នៅចុងម៉ោង ។
លទ្ធផលនេះ នាំឲ្យក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឈរកំពូលតារាងពូលA បណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុស្មើគ្នាជាមួយក្រុម ពូប្រុស លីងគួយ ។

រីឯក្រុមយុវជន U18 ព្រះខ័នរាជស្វាយរៀងវិញ គឺបានយកឈ្នះក្រុម CRS Sports ដោយលទ្ធផល ៥-០ ក្នុងជំនួបបើកឆាកពូលC ។ គ្រាប់បាល់ជ័យជម្នះ ដែលជួយឲ្យក្រុមយុវជនព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងបណ្ដោះអាសន្ននេះ ធ្វើសម្រេចដោយកីឡាករ ពៅ វណ្ណដា ២គ្រាប់, អាត ពិសិដ្ឋ, ជៀវ សុដារិទ្ធ និង ឯម វិច្ឆិកា ម្នាក់ ១គ្រាប់ ។
គួរដឹងថា ពានរង្វាន់ Svay Reing Super Cup លើកទី១ ឆ្នាំ២០២៤ គឺមាន ១៦ក្រុមចូលរួម និងបែងចែកជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម ដើម្បីធ្វើការប្រកួតជម្រុះស្វែងរកក្រុមខ្លាំងប្រចាំពូលនីមួយៗឡើងវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា




