ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តម ឆុង អើយយ៉ុង នឹងអញ្ជើញធ្វើជាសហប្រ ធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១ ដោយផ្ទាល់។ នេះបើតាមសេច ក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី២ ខែកញ្ញា។
ប្រភពដដែលបញ្ជាក់បន្ថែមថា ការអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សា ធារណរដ្ឋកូរ៉េលើកទី១១ របស់ប្រមុខការទូតកម្ពុជានេះ ធ្វើឡើងតាមការអញ្ជើញរបស់ឯកឧត្តម ឆុង អើយយ៉ុង(H.E. Mr. Chung Eui-yong) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងដំណើរទស្សនកិច្ចនេះឯកឧត្តម ប្រាក់ សុខុន នឹងជួបពិភាក្សាផ្លូវការជាមួយឯកឧត្តម ឆុង អើយយ៉ុង ដែលនៅក្នុងឱកាសនោះ បញ្ហានានានៃកិច្ចសហប្រតិបត្តិការទ្វេភាគីរួមមាន នយោបាយ និងការពារជាតិ ការអភិវឌ្ឍ សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ សំដៅពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងដែលល្អស្រាប់រវាងប្រទេសទាំងពីរ។ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍រួម ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ។
នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម ឆុង អើយយ៉ុង នឹងអញ្ជើ ញធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១ ដោយផ្ទាល់។ ដោយឡែក រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសមេគង្គផ្សេងទៀតរួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះ តាមប្រព័ន្ធវីដេអូផងដែរ។
កិច្ចប្រជុំនេះ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ យន្តការដែលបានកំណត់នៅក្នុងផែនការសកម្មភាព(២០២១-២០២៥) ការចូលរួមចំណែករបស់វិស័យឯកជន និងទិសដៅនាពេលអនាគតនៃយន្តការនេះ។ ក្នុងនោះ រដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ ក៏នឹងចែករំលែកនូវទស្សនៈនានាពាក់ព័ន្ធនឹងបញ្ហាក្នុងតំបន់ និងសកល រួមមានការប្តេជ្ញារួមក្នុងការដោះស្រាយវិបត្តិគំរាមកំហែងសុខភាពសាធារណៈជាសកល ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ជាដើម៕ ដោយ៖ គង់ ឌិន

