រដ្ឋអាជ្ញាប្រទេសបារាំង បានបើកការស៊ើបអង្កេតលើការគំរាមសម្លាប់អត្តពលិកអ៊ីស្រាអែល ដែលចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស។ ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីស និយាយថា សារអេឡិចត្រូនិកគំរាមកំហែង ត្រូវបានផ្ញើទៅកាន់អត្តពលិកអ៊ីស្រាអែលបីនាក់ ដែលមកចូលរួមក្នុងកីឡាអូឡាំពិក បើកនៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង កាលពីថ្ងៃសុក្រ។ អ្វីដែលត្រូវបានសរសេរនៅក្នុងសារអេឡិចត្រូនិក ពុំត្រូវបានគេបង្ហាញនោះទេ។

ក្រុមអ្នកស៊ើបអង្កេតបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NHK ថា ពួកគេកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះដោយសង្ស័យថាមានការគំរាមកំហែងសម្លាប់ពីហេតុផលរើសអើងប្រឆាំងនឹងរដ្ឋ ឬសាសនាណាមួយ ក្នុងចំណោមរឿងដទៃទៀត។

ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ព័ត៌មានផ្ទាល់ខ្លួនអំពីអត្តពលិកអ៊ីស្រាអែល ដែលបានចូលរួមក្នុងការប្រកួតកីឡា ត្រូវបានចេញផ្សាយដោយខុសច្បាប់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Telegram កាលពីថ្ងៃសុក្រ នៅពេលដែលពិធីបើកកីឡាអូឡាំពិកបានធ្វើឡើង។
ទិន្នន័យផ្ទាល់ខ្លួនរួមមានលទ្ធផលធ្វើតេស្តឈាម និងពាក្យសម្ងាត់ ដើម្បីចូលទៅកាន់សេវាកម្មអនឡាញ។ ទិន្នន័យត្រូវបានលុបចេញវិញតាមសំណើរបស់អាជ្ញាធរប្រទេសបារាំង។ សុវត្ថិភាពរបស់អត្តពលិកអ៊ីស្រាអែល គឺជាបញ្ហាប្រឈមមួយសម្រាប់អាជ្ញាធរបារាំង ខណៈការប្រយុទ្ធនៅតែបន្តនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប រវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមនិយមហាម៉ាស។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយថា អត្តពលិកអ៊ីស្រាអែល ស្ថិតក្នុងចំណោមគណៈប្រតិភូ ដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ជាពិសេស។ លោកបាននិយាយបន្ថែមថា នោះហើយជាមូលហេតុដែលលោកសម្រេចចិត្តផ្តល់ការការពារដល់ គណៈប្រតិភូអ៊ីស្រាអែល២៤ម៉ោង។