រដ្ឋមន្ត្រីការបរទេសមកពីប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ជាក្រុមដែលគេស្គាល់ថា «Quad» បានជួបប្រជុំគ្នានៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃចន្ទ ទី២៩ ខែកក្កដានេះ សម្រាប់កិច្ចពិភាក្សា ដែលត្រូវបានគេរំពឹងថានឹងផ្តោតលើសន្តិសុខដែនសមុទ្រ និងគំនិតផ្តួចផ្តើម ក្នុងការកសាងការការពារតាមប្រព័ន្ធអ៊ីនធឺណិត។

កិច្ចពិភាក្សា ត្រូវបានចូលរួមដោយលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកស្រី Yoko Kamikawa រដ្ឋមន្ត្រីការបរទេសជប៉ុន និងលោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បន្ទាប់ពីមានការពិភាក្សាផ្នែកសន្តិសុខរវាងទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ដែលសម្ព័ន្ធមិត្ត បានចាត់ទុកប្រទេសចិនថាជា «បញ្ហាប្រឈមយុទ្ធសាស្ត្រធំបំផុត» ដែលកំពុងប្រឈមមុខនៅក្នុងតំបន់។

នៅក្នុងសុន្ទរកថាបើករបស់លោកស្រី Kamikawa បានលើកឡើងពីតម្រូវការក្នុងការកសាងសមត្ថភាពសន្តិសុខតាមអ៊ីនធឺណិត និងផ្តល់ឱកាសបណ្តុះបណ្តាលផ្នែកសន្តិសុខដែនសមុទ្រ ដើម្បីការពារ និងអភិវឌ្ឍវិបុលភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
សហរដ្ឋអាមេរិក បានប្រកាសពីផែនការកាលពីថ្ងៃអាទិត្យ សម្រាប់ការកែប្រែដ៏ធំនៃទីបញ្ជាការយោធារបស់ខ្លួននៅក្នុងប្រទេសជប៉ុន ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅការសម្របសម្រួលជាមួយកងកម្លាំងសម្ព័ន្ធមិត្តរបស់ខ្លួន។
វាគឺស្ថិតក្នុងចំណោមវិធានការណ៍ជាច្រើន ដែលត្រូវបានធ្វើឡើងដើម្បីដោះស្រាយនូវអ្វីដែលសហរដ្ឋអាមេរិក និងប្រទេសជប៉ុន និយាយថាជា «បរិយាកាសសន្តិសុខដែលកំពុងវិវឌ្ឍន៍» ដោយកត់សម្គាល់ពីការគំរាមកំហែងផ្សេងៗពីសំណាក់ប្រទេសចិន រួមទាំងសកម្មភាពដែនសមុទ្រដែលកាន់តែកើនឡើងនៅសមុទ្រចិនខាងកើត និងខាងត្បូង។