ខណៈនៅថ្ងៃទី៥ ខែសីហាខាងមុខនេះកម្ពុជានឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។ មន្រ្តីរាជការ បុគ្គលិក សាស្រ្តាចារ្យ និងសិស្ស និស្សិតជាច្រើននាក់នៃវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានប្រកាសត្រៀមរួចជាស្រេចនូវឧបករណ៍សំខាន់ៗមួយចំនួន ដើម្បីអបអរសាទរការបើកការដ្ឋានព្រែកជីកនេះដែលជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅខ្មែរគ្រប់ៗរូប។

ឯកឧត្តមបណ្ឌិត តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បានមានប្រសាសន៍ថា ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ មន្រ្តី រាជការ បុគ្គលិក លោកគ្រូ អ្នកគ្រូ រួមជាមួយសិស្សនិស្សិតជាច្រើននាក់ថែមទៀត នឹងណាត់ជួបប្រជុំគ្នាចាប់ម៉ោង៦កន្លះព្រឹកតទៅ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយមានជាស្គរ គង ប៉ោត និងត្រដោកជាដើម ដើម្បីគោះបង្ហាញអំពីអ្វីដែលជាឆន្ទៈ និងគាំទ្រយ៉ាងពេញទំហឹងនូវអ្វីដែលមានសម្រាប់ជាផលប្រយោជន៍របស់ប្រទេសជាតិទាំងមូល ដែលជា ”គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប” និងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេសជាមរតកប្រវត្តិសាស្រ្តសម្រាប់កូនចៅជំនាន់ក្រោយទាំងអស់គ្នា។

លោក ជឹម ចន្ថន ប្រធានយុវជនក្រុម១៨ ប្រចាំវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ ដែលតភ្ជាប់ផ្លូវទឹក រវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ ដែលនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា។
ស្រដៀងគ្នាខាងលើនេះ អ្នកស្រី ថេត ផារីយា តំណាងឲ្យសិស្សជាច្រើននាក់ផ្សេងទៀតដែលកំពុងទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថាន NIEI បានបង្ហាញការគាំទ្រ និងសម្តែងការជូនពរចំពោះថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារដែលត្រូវបំពេញបេសកម្មក្នុងគម្រោងនេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យគ្រប់ភារកិច្ច។
ដើម្បីជាការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាពេលខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំដល់សាធារណជន ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមឲ្យបានកុះករ និងអធិកអធម តាមរយៈការទូងស្គរ វាយគង ជួង រគាំង ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅវេលាម៉ោង ៩:០៩នាទីព្រឹក៕អត្ថបទ ឈិត បូរ៉ាវី







