អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោដែលកាន់តែខិតជិតមកដល់។
ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេលតែ៧ថ្ងៃទៀតប៉ុណ្ណោះ តាមបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេសបានប្រកាស និងណែនាំទៅអាជ្ញាធរឃុំ-សង្កាត់របស់ខ្លួន ដើម្បីសហការ និងរៀបចំពិធីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោទៅតាមគ្រប់រូបភាពជាមួយប្រជាពលរដ្ឋ។
លោក សៅ ដារ៉ូ ចៅសង្កាត់អូរឬស្សីទី៣ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះថា តបតាមសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺរដ្ឋបាលសង្កាត់បានរៀបចំផែនការ និងសកម្មភាពរួចរាល់។ ក្នុងនោះរដ្ឋបាលសង្កាត់ និងប្រជាពលរដ្ឋចំនួនជិត១០០នាក់ នឹងជួបជុំគ្នានៅសាលាសង្កាត់អមជាមួយសារគាំទ្រ និងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងទូងស្គរដើម្បីវាយបន្លឺជាសំឡេងអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។
ជាមួយគ្នានេះប្រជាពលរដ្ឋរស់នៅសង្កាត់អូរឬស្សីទី៣ លើកឡើងថា ពួកគាត់នឹងចូលរួមជាមួយអាជ្ញាធរក្នុងថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីបង្ហាញពីទឹកចិត្តគាំទ្រដល់គម្រោងដ៏មានសាៈសំខាន់ និងផ្តល់ផលប្រយោជន៍យ៉ាងយូរអង្វែងដល់ជាតិ និងប្រជាពលរដ្ឋ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោត្រូវបានកំណត់ពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ គម្រោងនេះត្រូវបានមជ្ឈដ្ឋានក្នុងនិងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែបខណៈគម្រោងគ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០ លានដុល្លារអាមេរិក៕ អត្ថបទ សេក ឧត្តម ថត


