ឧត្តរមានជ័យ៖ ទំនប់អាងស្តុកប្រភពទឹកស្ទឹងស្រែងទី១ ដែលមានទីតាំងស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កំពុងបង្ហាញភាពទាក់ទាញលើវិស័យទេសចរ ក្នុងស្រុកមកលេងកម្សាន្ត ខណៈរដូវវស្សាមានប្រភពទឹកច្រើននៅតំបន់នេះ។
លោក រិទ្ធី បក្ស អភិបាលស្រុកចុងកាល់ បានឲ្យដឹងថា តំបន់ទំនប់អាងស្តុកទឹកស្ទឹងស្រែងទី១នេះ គឺជាទីតាំងមួយគួរឲ្យចាប់អារម្មណ៍ច្រើនលើវិស័យទេសចរក្នុងស្រុក ។ក្នុងនោះក៏មានភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្ត និងបោះតង់សម្រាក ផ្តិតយករូបភាពផងដែរ ។
លោក បានបន្ថែមថា តំបន់នេះ ជាតំបន់ទេសចរមួយដែលមានលក្ខណៈបែបធម្មជាតិព្រៃភ្នំហ៊ុមព័ទ្ធទៅដោយបឹងធម្មជាតិដ៏ធំល្វឹងល្វើយគួរជាទីគយគន់របស់អ្នកភ្ញៀវទេសចរ។លោកអភិបាលស្រុកចុងកាល់ បានបន្ដទៀតថា តំបន់នេះមានអត្ថប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ ប្រកបមុខរបរលក់ដូរ ម្ហូបអាហារឲ្យភ្ញៀវ ដែលមកកម្សាន្តនៅតំបន់នេះផងដែរ៕




